ព័ត៌មានអន្តរជាតិ

មេដឹកនាំជាន់ខ្ពស់របស់ក្រុម Hezbollah ត្រូវបានសម្លាប់ នៅក្នុងអំឡុង ពេលវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ីស្រាអ៊ែល

AFP

បេរូត៖ ប្រភពយោធាលីបង់បានប្រាប់ដល់ទីភ្នាក់ងារ Xinhua យ៉ាងដូច្នេះថា កាលពីថ្ងៃពុធ មេដឹកនាំយោធា Hezbollah ម្នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល ដែលបានកំណត់គោលដៅ ទៅលើរថយន្តស៊ីវិល នៅក្នុងតំបន់ Al-Hosh ដែលស្ថិតនៅភាគខាងកើតនៃទីក្រុង Tyre ភាគនិរតីនៃប្រទេសលីបង់ ។

ប្រភពដែលលើកឡើង ដោយជនអនាមិកបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើក របស់អ៊ីស្រាអ៊ែល បានបាញ់មីស៊ីលពីលើអាកាសចំនួន២គ្រាប់ មកលើរថយន្ត ដោយបានផ្ទុះឆេះរថយន្តនោះ ននិងសម្លាប់អ្នកបើកបរ និងដៃគូរបស់គាត់ផងដែរ ។

ប្រភពបានបញ្ជាក់ថា អ្នកបើកបរត្រូវបានគេកំណត់អត្តសញ្ញាណថា ជាមេបញ្ជាការនៃអង្គភាពយោធាមួយនៅក្នុងក្រុម Hezbollah ដែលមានរហស្សនាមថា Hajj Abu Ni’mah។ រូបគាត់មកពីភូមិ Haddatha នៅភាគខាងត្បូងនៃប្រទេសលីបង់ ហើយបម្រើការងារនៅខ្សែបន្ទាត់ព្រំដែនក្នុងផ្នែកខាងលិច និងភាគកណ្តាលនៃតំបន់ព្រំដែនភាគខាងត្បូង ។

ក្រុម Hezbollah មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយជុំវិញហេតុការណ៍នេះនៅឡើយនោះទេ ។

ប្រភពយោធាបានឲ្យដឹងថា អ៊ីស្រាអ៊ែល ក៏បានបើកការវាយប្រហារ តាមផ្លូវអាកាសចំនួន៣លើកទៅលើភូមិ និងទីប្រជុំជននៅភាគខាងត្បូង នៃប្រទេសលីបង់ ហើយបានបាញ់ផ្លោង ប្រហែល៣០គ្រាប់ទៅលើភូមិ និងទីប្រជុំជនដែលនៅជាប់ព្រំដែន ចំនួន៥ទៀតផង ។

គេបានដឹងថា ភាពតានតឹង នៅតាមបណ្តោយព្រំដែន រវាងប្រទេសលីបង់ និងអ៊ីស្រាអ៊ែល បានកើនឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ក្រោយពីការរារាំង នៃគ្រាប់រ៉ុក្កែត ដែលបាញ់ដោយក្រុម Hezbollah ឆ្ពោះទៅរកអ៊ីស្រាអ៊ែល ក្នុងភាពជាសាមគ្គីភាពគ្នាជាមួយ ការវាយប្រហារ របស់ក្រុមហាម៉ាស់ទៅលើអ៊ីស្រាអ៊ែល កាលពីមួយថ្ងៃមុន ហើយក្រោយមក អ៊ីស្រាអ៊ែល បានសងសឹកវិញ ដោយការបាញ់កាំភ្លើងធំ ទៅកាន់តំបន់ភាគអាគ្នេយ៍របស់លីបង់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top