បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT មនុស្សពីរនាក់បានរងរបួស និងម្នាក់កំពុងបាត់ខ្លួន បន្ទាប់ពីការផ្ទុះនៅរោងចក្រ ផលិតអាវុធ General Dynamics នៅ Camden រដ្ឋ Arkansas ដែលជា រោងចក្រផលិតក្បាលគ្រាប់ Javelin និង Hellfire។
ការផ្ទុះបានកើតឡើងភ្លាមៗ បន្ទាប់ពីម៉ោង៨ព្រឹកថ្ងៃពុធ អ្នកនាំពាក្យក្រុមហ៊ុនលោកស្រី Berkley Whaley បានប្រាប់អ្នកយកព័ត៌មាន ។ គេបានបន្ថែមថា ដំបូងឡើយ លោកស្រីWhaleyបានអះអាងថា ហេតុការណ៍នេះជាឧប្បត្តិហេតុ ដែលពាក់ព័ន្ធនឹងការបាញ់មីស៊ីល ប៉ុន្តែក្រោយបានសារភាពភ្លាមៗ ថាវាជាការផ្ទុះសុខៗទៅវិញ។
លោកស្រី Whaley បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖នៅពេលនេះ យើងកំពុងធ្វើការជាមួយអ្នក ឆ្លើយតបដំបូង ហើយអាចបញ្ជាក់ពីឧបទ្ទវហេតុ ដែលបណ្តាលឱ្យមានរបួសយ៉ាងតិចពីរនាក់ និងមនុស្សម្នាក់បាត់ខ្លួន ហើយយ៉ាងណាក្តីយើងកំពុងសហការយ៉ាងពេញទំហឹងជាមួយអាជ្ញាធរ ខណៈពួកគេធ្វើការស៊ើបអង្កេតរបស់ពួកគេ។
គួរឲ្យដឹងដែរថាលោកស្រី Whaley មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីភាពធ្ងន់ធ្ងរនៃរបួសនោះទេ ហើយក៏មិនបានប្រាប់ថា តើរោងចក្រនេះទទួលការខូចខាតធ្ងន់ធ្ងរ ឬយ៉ាងណានោះទេ៕
ប្រែសម្រួល៖ស៊ុនលី