បរទេស៖ សហម្ចាស់ក្រុមហ៊ុន Red Bull លោក Chalerm Yoovidhya បាននាំមុខជាគ្រួសារអ្នកមានបំផុតរបស់ប្រទេសថៃ, នេះបើយោងតាមបញ្ជីឈ្មោះ នៅក្នុងទស្សនាវដ្តី Forbes ។ លើសពីបងប្អូនគ្រួសារ Chearavanont ប៉ុន្តែទ្រព្យសម្បត្តិរួម របស់មហាសេដ្ឋីទាំង៥០រូប របស់ប្រទេសថៃ បានធ្លាក់ចុះ ១៥ភាគរយ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា Forbes Asia បានផ្សាយកាលពីថ្ងៃពុធថា គ្រួសាររបស់លោក Chalerm បានបង្កើនទ្រព្យសម្បត្តិរបស់ពួកគេចំនួន ២,៦ ពាន់លានដុល្លារ ស្មើនឹងប្រហែល ៩៥,៨ ពាន់លានបាត ដល់ ៣៦ ពាន់លានដុល្លារ (១,៣ ពាន់ពាន់លានបាត) ។ Forbes Asia បាននិយាយថា ប្រាក់ចំណូល របស់ Red Bull បានកើនឡើងលើសពី ១១ ពាន់លាន កាលពីឆ្នាំមុនជាមួយនឹងការ លក់ទូទាំងពិភពលោកជាង ១២ ពាន់លានដប និងកំប៉ុង។
Chearavanont នៃកិត្តិនាមរបស់ Charoen Pokphand Group បានធ្លាក់មកនៅលំដាប់ទី២ បន្ទាប់ពីបានជាប់ចំណាត់ ថ្នាក់ទាំង ៥០រូប អ្នកដែលមានជាងគេបំផុតរបស់ប្រទេសថៃអស់រយៈពេលជិតមួយទសវត្សរ៍ ។ ទ្រព្យសម្បត្តិរបស់ពួកគេបានធ្លាក់ចុះពី ៣៤ ពាន់លានដុល្លារ (១,២ ពាន់ពាន់លានបាត) កាលពីឆ្នាំមុន មក ២៩ ពាន់លានដុល្លារ (១,១ពាន់ពាន់លានបាត) នៅឆ្នាំនេះ ។ ទស្សនាវដ្ដី Forbes Asia បានសន្មតថា ការធ្លាក់ចុះនេះមួយផ្នែ កទៅលើទ្រព្យសម្បត្តិធ្លាក់ចុះនៃការកាន់កាប់មួយរបស់ពួកគេគឺ Ping An Insurance នៅក្នុងប្រទេសចិន។ ក្រុមហ៊ុនបានប្រកាសពីការខាតបង់ចំនួន ២,៧ ពាន់លានដុល្លារ (៩៩,៥ ពាន់លានបាត) កាលពីឆ្នាំមុន។
លោក Charoen Sirivadhanabhakdi របស់ក្រុមហ៊ុន Thai Beverage នៅតែស្ថិតក្នុងចំណាត់ថ្នាក់ទី ៣ ជាមួយនឹងទ្រព្យសម្បត្តិដែលបានប៉ាន់ស្មានចំនួន ១០ពាន់លាន ធ្លាក់ចុះ ៣,៦ ពាន់លានដុល្លារ ធៀបនឹងឆ្នាំមុន។
គ្រួសារ Chirathivat រក្សាបានចំណាត់ថ្នាក់លេខ ៤ ជាមួយនឹងទ្រព្យសម្បត្តិ ៩,៩ ពាន់លានដុល្លារ ធ្លាក់ចុះ 20% ពី ១២,៤ពាន់លានដុល្លារ កាលពីឆ្នាំមុន។ Central Group របស់គ្រួសារនេះបានបង្កើនការកាន់កាប់ភាគហ៊ុនរបស់ខ្លួននៅក្នុងហាង Selfridges ក្នុងទីក្រុងឡុងដ៍ក្នុងខែវិច្ឆិកា ហើយបានក្លាយជាម្ចាស់ភាគហ៊ុនធំ។
មហាសេដ្ឋីផ្នែកថាមពល និងទូរគមនាគមន៍ គឺលោក Sarath Ratanavadi រក្សាតំណែងទី៥ ជាមួយនឹងទឹកប្រាក់ ៩.២ពាន់លានដុល្លារ (៣៣៩.១ពាន់លានបាត) ធ្លាក់ចុះពី១១.៣ពាន់លាន (៤១៦.៥ពាន់លានបាត)។
ទ្រព្យសម្បត្តិរបស់នាយកប្រតិបត្តិក្រុមហ៊ុន Energy Absolute លោក Somphote Ahunai បានធ្លាក់ចុះពីរភាគបីដល់ ៩៩៥លានដុល្លារ ដែលនាំគាត់ធ្លាក់ចេញពីលំដាប់កំពូលទាំង 10 ដោយធ្លាក់ចុះមកនៅចំណាត់លេខទី ៣២ ។ ភាគហ៊ុនរបស់លោកនៅ ក្នុងក្រុមហ៊ុនថាមពលកកើតឡើងវិញ និងក្រុមហ៊ុនរថយន្តអគ្គិសនី បានធ្លាក់ចុះដោយសារ តែការព្រួយបារម្ភអំពីបំណុលរបស់ខ្លួន។
ទស្សនាវដ្ដី Forbes Asia បានឱ្យដឹងថា ទ្រព្យសម្បត្តិរួមនៃ “មហាសេដ្ឋីទាំង៥០រូប របស់ប្រទេសថៃ” បានធ្លាក់ចុះជិត ១២ភាគរយ មកនៅត្រឹម ១៥៣ ពាន់លានដុល្លារ ដោយសារតែសន្ទស្សន៍ផ្សារហ៊ុនថៃធ្លាក់ចុះ និងការធ្លាក់ចុះនៃប្រាក់បាត៕
ប្រែសម្រួលៈ ណៃ តុលា