ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក នឹងមានយន្តហោះចម្បាំង F-35 នៅឯមូលដ្ឋាន Misawa ក្នុងប្រទេសជប៉ុន ជាលើកដំបូង

Kyodo

វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា ខ្លួននឹងដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន ៤៨គ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាស Misawa ក្នុងខេត្ត Aomori ភាគឦសានរបស់ប្រទេសជប៉ុនជាលើកដំបូង ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការរារាំងក្នុងតំបន់ ជាមួយនឹងសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន។

យន្ដហោះចម្បាំង F-35As ដែលត្រូវបានគេស្គាល់ថា ជាយន្តហោះចម្បាំងជំនាន់ទី៥ ដែលមានសមត្ថភាពគេចពីការចាប់រ៉ាដា នឹងជំនួសយន្តហោះ F-16 ចំនួន ៣៦គ្រឿង ដោយបន្ថែមថាយោធាសហរដ្ឋអាមេរិក នឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ខ្លួន នៅមូលដ្ឋានអាកាស Kadena ក្នុងខេត្តភាគខាងត្បូងនៃខេត្តអូគីណាវ៉ា របស់ប្រទេសជប៉ុន ដោយដាក់ពង្រាយ ៣៦ គ្រឿងនៃយន្តហោះចម្បាំង F-15 ថ្មី ដើម្បីជំនួសយន្តហោះ F-15 ចំនួន ៤៨ គ្រឿង ដែលចូលនិវត្តន៍។

ចំពេលមានបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលបង្កឡើងដោយប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី មន្ទីរបញ្ចកោណបានឲ្យដឹងថា ការធ្វើទំនើបកម្មនៃយន្តហោះយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក នឹងត្រូវបានអនុវត្តក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលជប៉ុន។

ក្រសួងបានឲ្យដឹងថា វិធានការនេះគឺជា ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងបន្ថែមទៀតនូវសម្ព័ន្ធភាពអាមេរិក-ជប៉ុន និងពង្រឹងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ប្រទេសជប៉ុនបានដាក់ពង្រាយ F-35As ទៅកាន់ Misawa ជាលើកដំបូងក្នុងឆ្នាំ២០១៨ ដើម្បីឆ្លើយតបទៅនឹងការ លុកលុយក្នុងដែនអាកាស និងចូលរួមក្នុងសកម្មភាព ឃ្លាំមើលលើប្រទេសកូរ៉េខាងជើង។

ដោយមិនបានបញ្ជាក់លម្អិត មន្ទីរបញ្ចកោណក៏បាននិយាយថា កងម៉ារីនអាមេរិក គ្រោងនឹងផ្លាស់ប្តូរចំនួនយន្តហោះ F-35 នៅឯមូលដ្ឋានរបស់ខ្លួននៅអ៊ិវ៉ាគូនិ ខេត្តយ៉ាម៉ាគូឈិ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top