ការ៉ាកាស៖ តំណាងប្រទេសវ៉េណេស៊ុយអេឡា ក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក បានឲ្យដឹងថាពួកគេបានយល់ព្រម ធ្វើការជាមួយក្រុងវ៉ាស៊ីនតោន និងរក្សាទំនាក់ទំនងដោយគោរព ។
តំណាងវេណេស៊ុយអេឡា បានបង្ហោះនៅលើបណ្តាញសង្គមថា “បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនេះ យើងបានព្រមព្រៀងគ្នាលើឆន្ទៈរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការធ្វើការជាមួយគ្នា ដើម្បីទទួលបានការជឿទុកចិត្ត និងធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើង និងរក្សាទំនាក់ទំនងប្រកបដោយការគោរព និងស្ថាបនា” ។
សាររបស់ពួកគេបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺណិត រវាងភាគីទាំងពីរ ដែលក្នុងនោះ វេណេហ្ស៊ុយអេឡាបានឲ្យដឹងថា “ដើម្បីបន្តស្តារការជឿទុកចិត្តគ្នា ទៅវិញទៅមក និងទំនាក់ទំនង រវាងរដ្ឋាភិបាល គោលការណ៍នៃការសម្រេចចិត្តដោយខ្លួនឯង អធិបតេយ្យភាព និងគ្នាទៅវិញទៅមកត្រូវតែគោរព” ។
ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានប្រកាសពីការចាប់ផ្តើមកិច្ចសន្ទនាដោយផ្ទាល់រវាងទីក្រុងការ៉ាកាស និងទីក្រុងវ៉ាស៊ីនតោន និងការតែងតាំងប្រធានសភា លោក Jorge Rodriguez និងអភិបាលរដ្ឋកណ្តាល Miranda លោក Hector Rodriguez ជាអ្នកតំណាងរដ្ឋាភិបាល។
លោកបានលើកឡើងថា “ខ្ញុំបានទទួលយកសំណើររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីបន្តការសន្ទនាដោយផ្ទាល់ ពួកគេនឹងបន្តឡើងវិញ នៅថ្ងៃពុធសប្តាហ៍ក្រោយ”៕
ប្រែសម្រួល ឈូក បូរ៉ា