បរទេស៖ សហភាពអឺរ៉ុបបានដាក់ពន្ធថ្មី ឬតម្លើងពន្ធយ៉ាងច្រើនលើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិនបន្ទាប់ពីការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។ ទីក្រុងព្រុចសែលកំពុងស្វែងរកការទប់ស្កាត់រថយន្តអគ្គិសនី ឬ EV ដែលមានតម្លៃទាបពីប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចអាស៊ី ដើម្បីការពារក្រុមហ៊ុនផលិតរបស់ខ្លួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ពន្ធថ្មីបន្ថែមបណ្តោះអាសន្នរហូតដល់ ៣៨ភាគរយ នឹងអនុវត្តចាប់ពីថ្ងៃទី ៥ ខែកក្កដានេះ គឺសម្រាប់រយៈពេលអតិបរមា ៤ ខែ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញដោយគណៈកម្មការអឺរ៉ុនៅថ្ងៃព្រហស្បតិ៍។
ក្រុមហ៊ុនផលិតរថយន្ត BYD របស់ចិន នឹងត្រូវតម្លើងពន្ធ ១៧,៤ភាគរយ ខណៈពេលដែលក្រុមហ៊ុន Geely ដែលជាម្ចាស់ក្រុមហ៊ុន Volvo របស់ប្រទេសស៊ុយអែត កំពុងប្រឈមនឹងពន្ធតម្លើង ១៩,៩ភាគរយ ផងដែរ ។ ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតដែលសហការជាមួយនឹងការស៊ើបអង្កេតនឹងត្រូវប្រឈមមុខនឹងកាតព្វកិច្ចពន្ធជាមធ្យម ២០,៨ភាគរយ ។ កាតព្វកិច្ចសម្រាប់ក្រុមហ៊ុនដែលមិនសហការផ្សេងទៀតនឹងមានដល់ ៣៧,៦ភាគរយ។
វិធានការនេះគឺបន្ថែមលើពន្ធ១០%នាពេលបច្ចុប្បន្នលើរថយន្តអគ្គិសនីទាំងអស់ដែលនាំចូលពីប្រទេសចិន។
ការសម្រេចចិត្តនេះធ្វើឡើងរយៈពេលប្រាំបួនខែ បន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសពីការស៊ើបអង្កេតលើការមកដល់យ៉ាងហូរហៀរនៃរថយន្តចិនដែលមានតំលៃថោកចូលមកក្នុងប្លុកអឺរ៉ុបនេះ។ ដោយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេត គណៈកម្មការបានសន្និដ្ឋានថា រថយន្តអគ្គិសនីពីថ្ម (BEV) “ខ្សែសង្វាក់តម្លៃ” នៅក្នុងប្រទេសចិនទទួលបានអត្ថប្រយោជន៍ពី “ការឧបត្ថម្ភធនមិនយុត្តិធម៌” ដែលបណ្តាលឱ្យ “ការគំរាមកំហែងនៃសេដ្ឋកិច្ចដែលកំពុងទន់ខ្សោយ” ដល់ក្រុមហ៊ុនផលិតរថយន្តរបស់សហភាពអឺរ៉ុប៕ ប្រែសម្រួលៈ ណៃ តុលា