យេរ៉ូសាឡឹម៖ កងទ័ពអ៊ីស្រាអ៊ែល បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានចាប់ផ្តើមធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសលីបង់ ក្រោយពីក្រុម Hezbollah របស់ប្រទេសលីបង់ បានបាញ់គ្រាប់រ៉ុក្កែត មីស៊ីល និងយន្តហោះគ្មានមនុស្ស បើកយ៉ាងហោចណាស់ ចំនួន១៧៥គ្រាប់ទៅកាន់ភាគខាងជើងអ៊ីស្រាអ៊ែល ដែលនេះជាការសងសឹក ចំពោះការវាយប្រហារតាមផ្លូវអាកាស ដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់ ។
កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែត និងមីស៊ីលប្រហែល១៦០គ្រាប់ ព្រមទាំងយន្តហោះគ្មានមនុស្សបើកលើសពី១៥គ្រឿង ត្រូវបានបាញ់នៅភាគខាងជើងអ៊ីស្រាអ៊ែល ។
កងកម្លាំង IDF បានបញ្ជាក់ថា “មីស៊ីលជាច្រើន និងគោលដៅអាកាសគួរឱ្យសង្ស័យបានឆ្លងកាត់ពីប្រទេសលីបង់ ចូលទៅក្នុងទឹកដីអ៊ីស្រាអ៊ែល” ដោយបានបន្ថែមថា ឧបករណ៍ការពារដែនអាកាសរបស់ខ្លួន និងកងកម្លាំងអាកាសអ៊ីស្រាអ៊ែល” បានប្រតិបត្តិការដើម្បីស្ទាក់ចាប់គ្រាប់ទាំងនោះ និងស្ទាក់ចាប់គោលដៅ និងគ្រាប់ផ្លោងជាច្រើនដោយជោគជ័យ” ។
កងទ័ពខាងលើបានបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយ យន្តហោះគ្មានមនុស្សបើក និងគ្រាប់រំសេវផ្ទុះមួយចំនួន ពីការស្ទាក់ចាប់បានវាយប្រហារ តំបន់ជាច្រើនបានបង្កឱ្យមានការផ្ទុះឆេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា