បរទេស ៖ ឯកអគ្គរដ្ឋទូត របស់ទីក្រុងមូស្គូប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Anatoly Antonov បាននិយាយថា សហរដ្ឋអាមេរិក កំពុងជំរុញ អ៊ុយក្រែនឱ្យប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្រ្គាមថ្មី និងជួយអូសបន្លាយជម្លោះ ដោយបន្តបញ្ជូនជំនួយយោធាទៅកាន់ប្រទេសដែលកំពុងប្រយុទ្ធនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃពុធ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសកញ្ចប់ជំនួយយោធាមួយទៀតសម្រាប់ក្រុងគៀវ ដែលមានទឹកប្រាក់សរុបប្រហែល ២,៥ ពាន់លានដុល្លារ។ ជំនួយនេះរួមបញ្ចូលទាំងគ្រាប់បែកការពារអាកាស, មីស៊ីល HIMARS , កាំភ្លើងធំ , អាវុធប្រឆាំងរថក្រោះ និងឧបករណ៍យោធាផ្សេងៗទៀត។ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះក្នុងខែកុម្ភៈ ឆ្នាំ ២០២២ រដ្ឋបាលលោក Biden បានសន្យាផ្តល់ជំនួយយោធាជាង ៥៣ ពាន់លានដុល្លារដល់អ៊ុយក្រែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram លោក Antonov បានបរិហារពីកញ្ចប់ជំនួយចុងក្រោយបង្អស់របស់អាមេរិក ដោយចោទប្រកាន់ថា ទីក្រុងវ៉ាស៊ីនតោន “បន្តដំណើរឆ្ពោះទៅរកសង្រ្គាម” និង “លាក់បាំងនូវក្តីសុបិនដ៏បំភាន់នៃជ័យជំនះជាយុទ្ធសាស្ត្រលើប្រទេសរុស្ស៊ី” ។
ប្រេសិតរុស្ស៊ីរូបនេះ បាននិយាយថា សព្វាវុធរបស់អាមេរិក នឹងមិនរារាំងរុស្ស៊ី ពីការជំរុញឆ្ពោះទៅរកគោលដៅចុងក្រោយ របស់ខ្លួនក្នុងការបញ្ចប់ការ រំដោះអ៊ុយក្រែននោះទេ។ «ពួកគេនឹងនាំឲ្យមានការស្លាប់និងរបួសថ្មី ក្នុងចំណោមជនស៊ីវិល រួមទាំងស្ត្រី និងកុមារ»៕
ប្រែសម្រួលៈ ណៃ តុលា