ព័ត៌មានអន្តរជាតិ

ទាហាន​ហ្វីលីពីន ប្ដេជ្ញាការពារខ្លួន ប្រសិនបើត្រូវបានវាយ​ប្រហារ​ នៅ​ក្នុងដែនទឹក សមុទ្រ​ចិន​ខាង​ត្បូង

AFP

ម៉ានីល៖ ប្រមុខយោធា របស់ប្រទេសនេះបានឲ្យដឹងថា កងទ័ពហ្វីលីពីននឹងការពារខ្លួន ប្រសិនបើត្រូវបានវាយប្រហារ នៅក្នុងដែនទឹកអធិបតេយ្យភាព ក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីមានការប៉ះទង្គិចគ្នា ជាមួយឆ្មាំសមុទ្រចិន កាលពីខែមុន ដែលធ្វើឲ្យទាហានរបស់ខ្លួនម្នាក់រងរបួស ។

លោកឧត្តមសេនីយ៍ Romeo Brawner បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជា មួយប្រធានាធិបតីលោក Ferdinand Marcos ថា “យើងនឹងអនុវត្តកម្រិតដូចគ្នានៃកម្លាំង ដែលអាចឱ្យយើងការពារខ្លួន។ ឧទាហរណ៍ ប្រសិនបើពួកគេប្រើកាំបិត យើងក៏នឹងប្រើកាំបិតដូចគ្នា” ។ 

កាលពីថ្ងៃទី១៧ ខែមិថុនា បុគ្គលិកឆ្មាំសមុទ្រចិនបានវាយឆ្មក់ និងវាយកម្ទេចទូកហ្វីលីពីនជាច្រើនគ្រឿង ដែលដឹកជញ្ជូនបុគ្គលិក និងចែកចាយគ្រឿងផ្គត់ផ្គង់ដល់កប៉ាល់កងទ័ពជើងទឹក នៅច្រាំងសមុទ្រ ដែលមានជម្លោះ។

ក្នុងការពន្យល់ពីគោលគំនិតនៃ “សមាមាត្រកងកម្លាំង” ប្រឆាំងនឹងអ្នកវាយប្រហារ លោក Brawner បានរំលឹកឡើងវិញថា ប្រទេសហ្វីលីពីន នឹងមិនអនុញ្ញាត ឱ្យខ្លួនឯងត្រូវបានគំរាមកំហែង ឬបង្កឱ្យមានការកើនឡើង នៃភាពតានតឹងនៅក្នុង ដែនសមុទ្រ ដែលប្រទេសចិនទាមទារទាំងស្រុងនោះទេ។

លោក Brawner បានលើកឡើងថា ប្រទេសចិន គួរតែប្រគល់មកវិញនូវកាំភ្លើងចំនួន ៧ដើម ដែលឆ្មាំឆ្នេរសមុទ្ររបស់ខ្លួន រឹបអូសពីកងទ័ពហ្វីលីពីនក្នុងអំឡុងពេល ឧប្បត្តិហេតុនៅជិត Thomas Shoal ក៏ដូចជាបង់ប្រាក់ចំនួន ៦០លានប៉េសូហ្វីលីពីន (១លានដុល្លារ) ជាសំណងសម្រាប់ទូក និងឧបករណ៍ ដែលខូចខាត៕
ប្រែសម្រួល ឈូក បូរ៉ា

To Top