ព័ត៌មានអន្តរជាតិ

ទីក្រុងញូវដេលី បង្ហាញព័ត៌មានលំអិត អំពីដំណើរទស្សនកិច្ច របស់មេដឹកនាំខ្លួន ទៅកាន់ទីក្រុងមូស្គូ

AFP

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងញូវដែលី កាលពីថ្ងៃសុក្របានបង្ហាញព័ត៌មាន លម្អិតសំខាន់ៗនៃដំណើរទស្សនកិច្ច នាពេលខាងមុខ របស់នាយក រដ្ឋមន្ត្រីឥណ្ឌា Narendra Modi ទៅកាន់ប្រទេសរុស្ស៊ី សម្រាប់កិច្ចប្រជុំកំពូលទ្វេភាគី លើកទី២២ រវាងប្រទេសទាំងពីរ។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា ជំនួបនេះនឹងក្លាយទៅជាកិច្ចប្រជុំកំពូលទ្វេភាគីលើកដំបូងរបស់មេដឹកនាំឥណ្ឌា ចាប់តាំងពីទទួលបានការបោះឆ្នោតឡើងវិញ សម្រាប់អាណត្តិទីបីកាលពីខែមុន។

លោក Modi នឹងតាមផែនការធ្វើដំណើរ ទៅដល់ទីក្រុងមូស្គូ នៅពេលល្ងាចនៅថ្ងៃចន្ទ បន្ទាប់មកលោកនឹងចូលរួម អាហារពេលល្ងាចឯកជន ដែលរៀបចំ ដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinផងដែរ។

នៅថ្ងៃបន្ទាប់ លោកនាយករដ្ឋមន្ត្រីនឹងជួបជាមួយប្រជាជន មកពីប្រទេសឥណ្ឌា ដែលធ្វើចំណាកស្រុកដែលរស់នៅក្នុងទីក្រុង ដាក់កម្រងផ្កានៅផ្នូររបស់ទាហាន មិនស្គាល់អត្តសញ្ញាណ និងទស្សនាកន្លែងតាំង ពិពណ៌មួយកន្លែងដែរ។

គួរឲ្យដឹងដែរថាដំណើរទស្សនកិច្ចនា ពេលខាងមុខនឹងក្លាយជាលើកដំបូង របស់លោក Modi ទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីការផ្ទុះឡើង នៃជម្លោះ រុស្ស៊ី-អ៊ុយក្រែនហើយ កិច្ចប្រជុំទ្វេភាគីចុងក្រោយត្រូវ បានប្រារព្ធឡើងតាំង តែពីឆ្នាំ២០២១មកម្ល៉េះ នៅពេលដែលលោកPutinបានធ្វើទស្សនកិច្ចនៅទីក្រុងញូវដេលី៕

ប្រែសម្រួល៖ស៊ុនលី

To Top