ប្រ៊ុចស៊ែល៖ មេដឹកនាំរបស់អង្គការ NATO គ្រោងនឹងសន្យានៅសប្តាហ៍ក្រោយដើម្បីបន្តផ្តល់អាវុធ និងគ្រាប់រំសេវចូលទៅក្នុងប្រទេសអ៊ុយក្រែន ក្នុងកម្រិតបច្ចុប្បន្នយ៉ាងហោចណាស់មួយឆ្នាំទៀត ដោយសង្ឃឹមថា នឹងធានាដល់ប្រទេសដែលរងគ្រោះ ដោយសង្រ្គាមនៃការគាំទ្រ ដែលកំពុងបន្តរបស់ពួកគេ និងចង់បង្ហាញដល់លោក វ្ល៉ាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី ថា ពួកគេនឹងមិនដើរចេញពីអ៊ុយក្រែននោះទេ ។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីរបស់លោកបានជួបប្រជុំគ្នា នៅទីក្រុងវ៉ាស៊ីនតោនសម្រាប់ កិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃ ដែលចាប់ផ្តើមកាលពីថ្ងៃអង្គារ ដើម្បីប្រារព្ធខួបលើកទី៧៥ នៃសម្ព័ន្ធភាពយោធា ខណៈដែលកងទ័ពរុស្ស៊ី បានបង្កើនផលប្រយោជន៍របស់ ពួកគេតាមបណ្តោយរណសិរ្ស ភាគខាងកើតអ៊ុយក្រែន នៅក្នុងឆ្នាំទី៣នៃសង្រ្គាម ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានលើកឡើងយ៉ាងដូច្នេះថា ប្រទេសសមាជិកចំនួន ៣២របស់អង្គការ NATO បាននឹងកំពុងចំណាយប្រាក់ប្រមាណ ៤០ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល ៤៣ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំលើសម្ភារៈយោធា សម្រាប់ប្រទេសអ៊ុយក្រែន គិតចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយថា នេះគួរតែជាមូលដ្ឋានអប្បបរមា “ឆ្ពោះទៅមុខ” ។
លោក Stoltenberg បានបញ្ជាក់ថា “ខ្ញុំរំពឹងថា សម្ព័ន្ធមិត្តនឹងសម្រេចចិត្តនៅក្នុង កិច្ចប្រជុំកំពូលដើម្បីរក្សាកម្រិតនេះ នៅឆ្នាំក្រោយទៀត” ។ លោកបានថ្លែងថា ចំនួនទឹកប្រាក់នេះនឹងត្រូវបានចែករំលែក ក្នុងចំណោមប្រទេសនានាដោយផ្អែក លើកំណើនសេដ្ឋកិច្ចរបស់ពួកគេ ហើយថា មេដឹកនាំនឹងពិនិត្យឡើងវិញនូវ តួលេខនេះនៅគ្រាដែលពួកគេ ជួបគ្នាម្តងទៀតនៅឆ្នាំ២០២៥ខាងមុខ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា