ព័ត៌មានអន្តរជាតិ

គ្រោះបាក់ដីនៅឥណ្ឌូនេស៊ី បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត១២នាក់ ខណៈ១៨នាក់កំពុងបាត់ខ្លួន

CNA

ហ្សាការតា៖ តាមការបញ្ជាក់របស់មន្ត្រីបានឲ្យដឹងនៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់មានមនុស្សចំនួន១២នាក់បានស្លាប់ និង១៨នាក់កំពុងបាត់ខ្លួន ក្រោយពីមានភ្លៀងធ្លាក់យ៉ាងគំហុក បានបណ្តាលឱ្យមានគ្រោះបាក់ដីកើតឡើងនៅក្នុងអណ្តូងរ៉ែមាសខុសច្បាប់មួយកន្លែងកាលពីចុងសប្តាហ៍ នៅលើកោះ Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី ។

លោក Heriyanto ប្រធានទីភ្នាក់ងារជួយសង្គ្រោះក្នុងស្រុក បានលើកឡើងថា គ្រោះបាក់ដីបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងស្រុក Suwawa ខេត្ត Gorontalo ដោយបានសម្លាប់អ្នករុករករ៉ែ និងពលរដ្ឋដែលរស់នៅក្បែរអណ្តូងរ៉ែខុសច្បាប់នោះ ។

លោកបានលើកឡើងថា អ្នកនៅរស់រានមានជីវិតចំនួន៥នាក់ត្រូវបានជម្លៀសខ្លួនចេញ ដោយលោកបានបន្ថែមឲ្យដឹងទៀតថា ក្រុនៅថ្ងៃចន្ទនេះ មជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន១៨នាក់ ។

លោក Heriyanto បានបញ្ជាក់ថា “យើងបានដាក់ពង្រាយបុគ្គលិកចំនួន១៦៤នាក់ ដែលរួមមានក្រុមសង្គ្រោះជាតិ ប៉ូលិស និងទាហាន ដើម្បីស្វែងរកអ្នកបាត់ខ្លួនទាំងនោះ” ។

លោក Heriyanto បានឲ្យដឹងថា ទោះបីជាយ៉ាងនេះក្តី ក្រុមអ្នកជួយសង្គ្រោះត្រូវដើរប្រហែល២០ គីឡូម៉ែត្រ ដើម្បីទៅដល់កន្លែងមានបាក់ដី ហើយត្រូវបានរារាំងដោយភក់យ៉ាងក្រាស់ដែលហូរច្រោះមកពេញផ្លូវ និងភ្លៀងបន្តធ្លាក់ចុះនៅក្នុងតំបន់នោះ ។

លោកបានបន្តទៀតថា “យើងនឹងព្យាយាមប្រើអេស្កាវ៉ាទ័រនៅគ្រាដែលវាអាចធ្វើទៅរួច” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top