ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ផ្សព្វផ្សាយ”ស្មារតីសៀងហៃ” ផ្តល់ផែនការចិន អង្គការសហប្រតិបតិ្តការសៀងហៃ រួមចំណែកជាកម្លាំងចលករ ដើម្បីគាំពារសន្តិភាព និងវិបុលភាពពិភពលោក

ពេលថ្មីៗនេះ កិច្ចប្រជុំលើកទី ២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិក នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានប្រារព្ធធ្វើនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើការពិគ្រោះពិភាក្សាអំពី ផែនការអភិវឌ្ឍន៍និងប្រមូលផ្តុំគំនិត ឯកភាពរួមនៃកិច្ចសហប្រតិបត្តិការជាមួយ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានាក្នុងតំបន់ ដើម្បីបំពេញបន្ថែមថាមពលវិជ្ជមាន និងកម្លាំងចលករថ្មីកាន់តែច្រើនសម្រាប់ គាំពារសន្តិភាពនិងវិបុលភាព នៃមហាដីគោកអឺរ៉ាស៊ីនិងពិភពលោក ។

បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មពិភពលោក ដែលពុំធ្លាប់កើតមានក្នុងអំឡុងពេលមួយ សតវត្សរ៍កន្លងទៅកំពុងវិវត្តទៅមុខយ៉ាងលឿន ស្ថានការណ៍អន្តរជាតិកំពុងជួបនឹងភាពរង្គោះរង្គើ ដូច្នេះ ក្តីរំពឹងទុករបស់ប្រជាជននៃបណ្តាប្រទេស នៅតំបន់អឺរ៉ាស៊ីចំពោះសន្តិភាព និងការអភិវឌ្ឍមានភាពកាន់តែខ្លាំងក្លា និងគោលបំណងស្តីពីការបង្កើន កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាមួយប្រទេសចិនមានភាពកាន់តែមុតមាំ ។ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping នៅតំបន់អាស៊ីកណ្តាលគឺជា សកម្មភាពការទូតដ៏សំខាន់មួយទៀត ដែលធ្វើឡើងដោយប្រទេសចិនចំពោះបណ្តា ប្រទេសអាស៊ីកណ្តាលនិងមហាដីគោកអឺរ៉ាស៊ី ដែលនឹងបំពេញបន្ថែមកម្លាំងចលករថ្មី ដល់ការជំរុញការកសាងសហគមន៍ រួមវាសនានៃអង្គការសហប្រតិបត្តិការ សៀងហៃដែលមានភាពកាន់តែជិតស្និទ្ធ និងគ្រោងផែនការគោលថ្មីសម្រាប់ជំរុញ ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពចិន-កាហ្សាក់ស្ថាន និងចិន-តាជីគីស្ថាន ក៏ដូចជារួមចំណែកជាពុទ្ធិចិន និងកម្លាំងចិនក្នុងការគាំពារសន្តិភាពពិភពលោក និងជំរុញការអភិវឌ្ឍរួមផងដែរ ។

សូមបញ្ជាក់ថា អង្គការសហប្រតិបត្តិការសៀងហៃ គឺជាអង្គការសហប្រតិបត្តិការក្នុងតំបន់ ដែលមានចំនួនប្រជាជនច្រើនបំផុត និងមានទឹកដីដ៏ធំល្វឹងល្វើយបំផុត នៅលើពិភពលោកដែលបានដើរតួនាទី យ៉ាងសំខាន់ក្នុងការជំរុញសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពនៅក្នុងតំបន់និងពិភពលោក ។ ក្នុងនាមជាប្រទេសស្ថាបនិកមួយ ក្នុងចំណោមរដ្ឋស្ថាបនិកនៃអង្គការ SCO ប្រទេសចិនបានតម្កល់ទុកការជំរុញ ការអភិវឌ្ឍនៃអង្គការសហប្រតិបត្តិការសៀងហៃ ជាទិសដៅអាទិភាពក្នុងកិច្ចការទូតរបស់ខ្លួន ។ ពីការលើកឡើងនូវទស្សនៈអភិវឌ្ឍន៍ ទស្សនៈសន្តិសុខ ទស្សនៈសហប្រតិបត្តិការ ទស្សនៈអរិយធម៌ និងទស្សនៈអភិបាលកិច្ចសកលរបស់ចិន ដល់ការកសាង”សហគមន៍រួមសុខាភិបាល ” “សហគមន៍រួមសន្តិសុខ” “សហគមន៍រួមអភិវឌ្ឍន៍”និង “សហគមន៍រួមវប្បធម៌មនុស្សជាតិ” រហូតដល់ការអធិប្បាយពីខ្លឹមសារជាស្នូល នៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលបានផ្តល់ជា “ផែនការចិន” សម្រាប់កសាងសហគមន៍រួមវាសនា ក្នុងតំបន់និងទំនាក់ទំនងអន្តរជាតិបែបថ្មី ។

កាលពីឆ្នាំ ២០១៣ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់សេដ្ឋកិច្ចនៃផ្លូវសូត្រ”ជាលើកដំបូង ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ អង្គការ SCO បានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រទេសនានាក្នុងតំបន់ដែលត្រូវគ្របដណ្តប់ ទាំងនោះបានប្រែពីកិច្ចសហប្រតិបត្តិការ នៃគម្រោងទៅជាការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ពីកិច្ចសហប្រតិបត្តិការទ្វេភាគីត្រូវបានពង្រីក ទៅដល់កិច្ចសហប្រតិបត្តិការពហុភាគី ហើយកម្លាំងរស់រវើកនៃសេដ្ឋកិច្ចក្នុងតំបន់ ត្រូវបានបំផុសនិងការអភិវឌ្ឍដោយស៊ីសង្វាក់គ្នា នៃប្រទេសក្នុងតំបន់មានអនាគតយ៉ាងទូលំទូលាយ ។

យើងបានមើលឃើញថា គំនិតផ្តួចផ្តើមរបស់ចិន ដូចជាការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” និងការកសាងសហគមន៍រួមវាសនា នៃមនុស្សជាតិជាដើមត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជីឯកសារសមិទ្ធផល នៃយន្តការអង្គការសហប្រតិបត្តិការសៀងហៃ ចំណែកគំនិតផ្តួចផ្តើមរបស់ចិន ដូចជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកលជាដើម ទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ នៃរដ្ឋសមាជិកក្នុងអង្គការនេះ ។

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ អង្គការ SCO បានផ្តោតសំខាន់លើសន្តិភាពនិងការអភិវឌ្ឍ ហើយបានដើរតាមផ្លូវអភិវឌ្ឍន៍ដែល ផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះនិងវិបុលភាពរួម ។ ក្នុងនោះ កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃអង្គការ SCO ។ ពីការធ្វើកិច្ចសហប្រតិបតិ្តការក្នុងការបង្ក្រាប “កម្លាំងជ្រុលនិយមទាំងបី” និងរួមគ្នាទប់ស្កាត់ការរីករាលដាល នៃគ្រឿងញៀនដល់ការធ្វើសមយុទ្ធយោធារួម ប្រឆាំងនឹងភេរវកម្មនិងការកំណត់ នូវយន្តការកិច្ចប្រជុំគ្រប់ជាន់ថ្នាក់ សមត្ថភាពរបស់អង្គការ SCO ក្នុងការដោះស្រាយហានិភ័យខាងសន្តិសុខ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ។
ដោយឡែកក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក បានផ្តល់កម្លាំងចលករដ៏មានស្ថិរភាព ដល់ការអភិវឌ្ឍនៃអង្គការ SCO ។ យោងតាម «របាយការណ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្ម ក្នុងរយៈពេល២០ឆ្នាំ បន្ទាប់ពីបង្កើតអង្គការសហប្រតិបត្តិការសៀងហៃ» ដែលចេញផ្សាយកាលពីឆ្នាំ ២០២២ បង្ហាញឱ្យឃើញថា ទំហំពាណិជ្ជកម្មសរុបនៃរដ្ឋសមាជិក អង្គការសហប្រតិបត្តិការសៀងហៃបានកើនឡើងជិត ១០០ ដងក្នុងរយៈពេល ២០ ឆ្នាំ ដែលសមាមាត្រក្នុងទំហំពាណិជ្ជកម្មសរុប ជាសកលបានកើនឡើងពី ៥,៤ ភាគរយក្នុងឆ្នាំ ២០០១ ទៅដល់ ១៧,៥ ភាគរយក្នុងឆ្នាំ ២០២០ ហើយឥទ្ធិពលនៃពាណិជ្ជកម្មសកលរបស់ រដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃបានបន្តកើនឡើង ។

ការអភិវឌ្ឍនៃអង្គការ SCO គឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវ”ស្មារតីសៀងហៃ” ហើយក៏បានបង្ហាញពីកម្លាំងជីវិតនៃ”ស្មារតីសៀងហៃ”ផងដែរ ។ ក្នុងរយៈពេលជាង ២០ ឆ្នាំបន្ទាប់ពីបានបង្កើតឡើងមក អង្គការ SCO បានបង្កើតរូបមន្តសហប្រតិបត្តិការបែបថ្មី សម្រាប់ប្រទេសដែលមានរបបសង្គម និងផ្លូវអភិវឌ្ឍន៍ខុសៗគ្នាក្នុងការរួមសាមគ្គីគ្នា និងធ្វើកិច្ចសហប្រតិបតិ្តការ ការបើកទូលាយនិងឈ្នះឈ្នះ បរិយាប័ន្ននិងការរៀនសូត្រពីគ្នាទៅវិញទៅមក ហើយបានបង្កើតជាគំរូនៃទំនាក់ទំនង អន្តរជាតិបែបថ្មីនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់បែបថ្មី ។ ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិ ដែលបាននិងកំពុងកើតមានបម្រែបម្រួល យ៉ាងស្មុគស្មាញនិងស៊ីជម្រៅ ព្រមនិងបញ្ហាប្រឈមសកលសំខាន់ៗ ប្រទេសចិនបានបំពេញបន្ថែមនិងកែលំអ ជាបន្តបន្ទាប់នូវខ្លឹមសារក្នុងយុគសម័យថ្មីនៃ “ស្មារតីសៀងហៃ” តាមរយៈការខិតខំប្រឹងប្រែងយ៉ាងប្រាកដប្រជារបស់ខ្លួន ។

ប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្ម ពិភពលោកដែលពុំធ្លាប់មានក្នុង រយៈពេលមួយសតវត្សរ៍កន្លងមក រដ្ឋសមាជិកនានានៃអង្គការសហប្រតិបត្តិការ សៀងហៃត្រូវជ្រោងទង់នៃ”ស្មារតីសៀងហៃ” បង្កើនការកសាងទំនុកចិត្តទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក រួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈម ខិតខំសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចរៀងៗខ្លួន ជំរុញការយោគយល់គ្នានិងរាប់អានគ្នាទៅវិញទៅមក រវាងប្រជាជននៃបណ្តាប្រទេសនានា ក៏ដូចជាបន្តដើរតាមផ្លូវត្រឹមត្រូវដែលឆ្ពោះទៅរក ការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ និងសម្របទៅតាមចរន្តយុគសម័យនៃសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ដើម្បីជំរុញការកសាងពិភពលោកកាន់តែល្អបវរ ។

ប្រវត្តិសាស្ត្របាននិងបន្តបញ្ជាក់ថា ការប្រកាន់ខ្ជាប់ចំណងមេត្រីភាពនិងសុខដុមរមនា ជាមួយប្រទេសជិតខាងមុខជានឹង ជម្នះលើការយកប្រទេសជិតខាងជាសត្រូវ កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកមុខជានឹងជំនួស ការប្រកួតប្រជែងផលបូកសូន្យបាន ហើយពហុភាគីនិយមមុខជានឹងជម្នះ ឯកតោភាគីនិយមជាក់ជាមិនខាន ។ បន្ទាប់ពីកិច្ចប្រជុំកំពូល Astana ប្រទេសចិននឹងធ្វើជាប្រធានប្តូរវេន នៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៤-២០២៥ ។ ប្រទេសចិននឹងរួមសហការជាមួយគ្រប់ភាគី ក្រោមការណែនាំនៃ”ស្មារតីសៀងហៃ” ធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀត នូវកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យដូចជានយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជនជាដើម ដើម្បីជំរុញការកសាងសហគមន៍រួមវាសនា នៃអង្គការសហប្រតិបត្តិការសៀងហៃ ដែលមានភាពកាន់តែស្អិតល្មួត ក៏ដូចជារួមចំណែកជាកម្លាំងកាន់តែច្រើន ក្នុងការគាំពារសន្តិភាពយូរអង្វែង និងវិបុលភាពរួមនៃពិភពលោក ៕

To Top