បរទេស៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Lin Jian បាននិយាយកាលពីថ្ងៃចន្ទថា អង្គការណាតូគឺជាការ គំរាមកំហែងដល់សន្តិភាព និងស្ថិរភាពពិភពលោក ដោយសារតែ “ចិត្តគំនិតសង្គ្រាមត្រជាក់ដែលមានឫសគល់យ៉ាងជ្រៅ និងការលំអៀងខាងមនោគមវិជ្ជា”។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Lin ត្រូវបានសាកសួរដោយសារព័ត៌មាន Bloomberg នៅឯសន្និសីទសង្ខេបប្រចាំថ្ងៃ ដើម្បីអត្ថាធិប្បាយលើ របាយការណ៍ថ្មីៗដែលថា ប្លុកយោធាដឹកនាំ ដោយសហរដ្ឋអាមេរិក (អង្គការ) គ្រោងនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង ប្រទេសនូវែលសេឡង់ នៅឯកិច្ចប្រជុំកំពូល របស់អង្គការណាតូ ក្នុងទីក្រុងវ៉ាស៊ីនតោននាពេលខាងមុខ។
អ្នកនាំពាក្យរូបនេះបានឆ្លើយ តបដោយបញ្ជាក់ថា អង្គការណាតូ គឺជា “ផលិតផលនៃសង្គ្រាមត្រជាក់ និងជាសម្ព័ន្ធមិត្តយោធាដ៏ ធំបំផុតរបស់ពិភពលោក” ។ លោក Lin បានបន្ថែមថា ទោះបីជាអះអាងថា ជាអង្គការដើម្បីការពារក្នុងតំបន់ ក៏ដោយ ក៏ប្លុកនេះបានបន្ត “ពង្រីកអំណាចរបស់ខ្លួនឆ្លងព្រំដែន ទម្លុះតំបន់ការពារ និងបង្កការប្រឈមមុខដាក់គ្នា” ។
សកម្មភាពទាំងនេះ បើយោងតាមអ្នកនាំពាក្យចិន គឺ បង្ហាញពី “ចិត្តគំនិតសង្រ្គាមត្រជាក់ ដែលបានចាក់ឫសយ៉ាងជ្រៅ និងភាពលំអៀងខាងមនោគមវិជ្ជា របស់អង្គការណាតូ ដែលជាប្រភពពិតនៃហានិភ័យ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពពិភពលោក”។
អ្នកនាំពាក្យរូបនេះបាននិយាយថា “ណាតូគួរតែគោរពតាមការកំណត់ទីតាំងរបស់អង្គការក្នុងតំបន់ និងការពាររបស់ខ្លួន បញ្ឈប់ការបង្កើតភាពតានតឹងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជំរុញការគិតសង្រ្គាមត្រជាក់ និងការប្រឈមមុខដាក់គ្នាក្នុងជំរុំ ហើយឈប់ធ្វើឱ្យអឺរ៉ុបរញ៉េរញ៉ៃ និងព្យាយាមធ្វើឱ្យអាស៊ីប៉ាស៊ីហ្វិករញ៉េរញ៉ៃ”។
ការអត្ថាធិប្បាយរបស់លោក Lin ធ្វើឡើងនៅ ពេលដែល អង្គការណាតូ ជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបង្កើតទំនាក់ទំនងជាមួយបណ្តាប្រទេសនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ក្នុងពេលជាមួយគ្នានេះដោយអះអាងថា ខ្លួនមិនស្វែងរកការពង្រីកជាផ្លូវការ ចូលទៅក្នុងតំបន់នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា