បរទេស៖ រុស្ស៊ីបានបំផ្ទុះមន្ទីរពេទ្យ ធំកុមារនៅទីក្រុងគៀវ ជាមួយនឹង គ្រាប់មីស៊ីល ទាំងក្នុងពេលថ្ងៃ ហើយបានបាញ់ស្រោច កាំជ្រួច ទៅលើទីក្រុងផ្សេងទៀត នៅទូទាំងប្រទេសអ៊ុយក្រែន ដោយបានសម្លាប់ជនស៊ីវិល យ៉ាងហោចណាស់ ៤១នាក់នៅក្នុងការវាយប្រហារ តាមអាកាសដ៏ខ្លាំងក្លាបំផុត អស់រយៈពេលជាច្រើនខែមកនេះ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ឪពុកម្តាយដែលកាន់ទារក បានដើរតាមផ្លូវនៅ ខាងក្រៅមន្ទីរពេទ្យ ទាំងវង្វេងស្មារតី និងស្រក់ទឹកភ្នែក បន្ទាប់ពីការវាយប្រហារតាមអាកាស ដ៏កម្រមួយនាពេលថ្ងៃ។ បង្អូចត្រូវបានកម្ទេច ហើយអ្នកស្រុកនៅទីក្រុងគៀវ រាប់រយនាក់កំពុងជួយសម្អាតកំទេចកំទី។
Svitlana Kravchenko អាយុ ៣៣ឆ្នាំបានប្រាប់រ៉យទ័រថា “វាគួរឱ្យខ្លាចណាស់។ ខ្ញុំមិនអាចដកដង្ហើមបាន ខ្ញុំកំពុងព្យាយាមគ្របមកលើកូនរបស់ខ្ញុំ។ ខ្ញុំកំពុងព្យាយាមគ្របគាត់ដោយក្រណាត់នេះដើម្បីឱ្យគាត់ដកដង្ហើម”។
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy ដែលបានស្ថិត នៅក្នុងប្រទេសប៉ូឡូញ មុនពេលធ្វើដំណើរទៅ កាន់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំកំពូល របស់អង្គការ NATO បានដាក់ចំនួនអ្នកស្លាប់ចំនួន ៣៧ នាក់ រួមទាំងកុមារបីនាក់ ផងដែរ និង ជាង ១៧០ នាក់ បានរងរបួស។ ប៉ុន្តែចំនួនអ្នកស្លាប់ និងរបួសពីទីតាំងនៃការវាយប្រហារ ក្នុងតំបន់ផ្សេងគ្នា មានចំនួនសរុបយ៉ាងហោចណាស់ ៤១នាក់ ៕
ប្រែសម្រួលៈ ណៃ តុលា