បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយកាលពីដើមសប្តាហ៍កន្លងមកនេះ ប្រទេសជប៉ុនចាំបាច់ត្រូវពង្រឹង ទំនាក់ទំនងជាមួយអង្គការណាតូ ដើម្បីប្រឈមមុខនឹងការអភិវឌ្ឍយ៉ាងលឿនទៅមុខ នៃទំនាក់ទំនងរបស់រុស្ស៊ីជាមួយបណ្តាប្រទេសអាស៊ី ដូចជាកូរ៉េខាងជើង និងចិនជាដើមនោះ។
ទោះបីជាយ៉ាងណាក្តីកន្លងមកនេះ រដ្ឋាភិបាលក្រុងម៉ូស្គូ តែងតែបានបញ្ជាក់ម្តងហើយម្តងទៀតថា ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយចិន និងកូរ៉េខាងជើងរបស់ខ្លួននោះគឺមិនមានគោលដៅសំដៅក្នុងការប្រឆាំង ប្រទេសទីបីណាមួយទេ។
នៅក្នុងការកត់សម្គាល់ជាលាយលក្ខណ៍អក្សរ ទៅកាន់ក្រុមកាសែតរ៉យទ័រមេដឹកនាំជប៉ុន បាននិយាយថា អ៊ុយក្រែនថ្ងៃនេះអាចជាអាស៊ីបូព៌ានៅថ្ងៃស្អែក ដោយជំរុញសហគមន៍ពិភពលោកកុំឱ្យ ទទួលយកការប៉ុនប៉ងរបស់រុស្ស៊ី និងសម្ព័ន្ធមិត្តដើម្បីបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ ដែលបានបង្កើតឡើងជាយូរមកហើយនោះ។
គួរឲ្យដឹងដែរថា កន្លងមករដ្ឋាភិបាលទីក្រុងតូក្យូ បានប្រកាន់ជំហរតឹងរ៉ឹងក្នុងជម្លោះអ៊ុយក្រែន ដោយចូលដៃជាមួយអង្គការណាតូ និងក៏ដូចជាបានទទូចថា ប្រសិនបើទីក្រុងមូស្គូទទួលបាន ជ័យជម្នះនៅអ៊ុយក្រែន នោះរុស្សីក៏នឹងអាចបន្តវាយប្រហារសមាជិក នៃប្លុកនេះបន្ថែមទៀតផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី