ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ របាយការណ៍ចំនួនពីរច្បាប់ លាតត្រដាងថា តើអ្នកណាជាអ្នកបំផ្លាញ បរិស្ថានអេកូឡូស៊ី នៃសមុទ្រចិនខាងត្បូង ដ៏ពិតប្រាកដ !

ប៉ុន្មានថ្ងៃកន្លងទៅនេះ រដ្ឋាភិបាលចិន បានចេញផ្សាយរបាយការណ៍សំខាន់ ស្តីពីសមុទ្រចិនខាងត្បូង ចំនួនពីរច្បាប់ ។ មួយគឺ «របាយការណ៍ ស្តីពីការស៊ើបអង្កេត និងវាយតម្លៃ ចំពោះសភាពការណ៍បរិស្ថានអេកូឡូស៊ី នៅលំហសមុទ្រកោះ Huangyan »ដែលបានចេញផ្សាយកាលពីថ្ងៃទី ១០ ខែកក្កដា មួយទៀតគឺ «របាយការណ៍ស្តីពីការស៊ើបអង្កេតអំពីករណី ដែលនាវាចម្បាំងហ្វីលីពីន ទុកចោលដោយខុសច្បាប់ នៅថ្មប៉ប្រះទឹក Ren’ai បានបំផ្លាញដល់ប្រព័ន្ធ អេកូឡូស៊ី នៃផ្កាថ្មប៉ប្រះទឹក» ដែលបានចេញផ្សាយ កាលពីថ្ងៃទី ៨ ខែកក្កដា ។ របាយការណ៍ទាំងពីរច្បាប់នេះ សុទ្ធតែបានធ្វើការ ស៊ើបអង្កេត ប្រកបដោយឯកទេស និងភាពលម្អិត ដើម្បីធ្វើការវិភាគលើសភាពការណ៍ ប្រព័ន្ធអេកូឡូស៊ីនៃកោះ Huangyan និងថ្មប៉ប្រះទឹក Ren’ai ដែលទទួលបានការ សន្និដ្ឋានខុសៗ គ្នាថា បរិស្ថាននៅលំហសមុទ្រកោះ Huangyan គឺមានគុណភាពល្អប្រសើរ ហើយប្រព័ន្ធអេកូឡូស៊ី នៃផ្កាថ្មប៉ប្រះទឹក ក៏មានភាពល្អ បរិសុទ្ធផងដែរ ។ ផ្ទុយទៅវិញ ប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹក Ren’ai រងការបំផ្លាញ យ៉ាងធ្ងន់ធ្ងរ មូលហេតុសំខាន់គឺ ការទុកចោល នាវាចម្បាំង ដោយខុសច្បាប់ របស់ហ្វីលីពីនព្រមទាំង សកម្មភាពពាក់ព័ន្ធរបស់ពួកគេ ។

អ្វីដែលគួរ ឱ្យអស់សំណើចនោះគឺ ភាគីហ្វីលីពីនបានចេញផ្សាយ សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ៩ ខែកក្កដាដោយចោទប្រកាន់ថា ប្រទេសចិន ជាអ្នកបង្កការបំផ្លិច បំផ្លាញ ដែលមិនអាចស្រោចស្រង់បានចំពោះផ្កាថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូង ។ យ៉ាងណាមិញ ការប្រឌិតរឿងក្លែងក្លាយ របស់ហ្វីលីពីនមិនអាចលាក់បាំង ទង្វើរំលោភសិទ្ធិរបស់ខ្លួននៅសមុទ្រចិនខាងត្បូងបានទេ ហើយក៏មិនអាចបំភាន់មតិអន្តរជាតិ បានដែរ វាមានតែបញ្ជាក់ថែមមួយ កម្រិតទៀតថា ហ្វីលីពីនជាអ្នកបង្កការបំផ្លាញ ដល់បរិស្ថានអេកូឡូស៊ីនៃសមុទ្រចិនខាងត្បូង ។

ដោយផ្អែកលើទិន្នន័យពីផ្កាយរណប ដែលអាចបញ្ជាពីចម្ងាយនិងការស៊ើបអង្កេតនៅនឹងកន្លែង ប្រទេសចិនបានរកឃើញថា នាវាចម្បាំងរបស់ហ្វីលីពីន ដែលទុកចោលដោយខុសច្បាប់អស់ រយៈពេល ២៥ ឆ្នាំនោះបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ពិពិធកម្ម ស្ថិរភាពនិងនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី នៃផ្កាថ្មប៉ប្រះទឹកនៅថ្មប៉ប្រះទឹក Ren’ai ។ នាវាចម្បាំងដែលត្រូវបានដុះច្រែះជាបន្តបន្ទាប់ ព្រមនិងសកម្មភាពពាក់ព័ន្ធ របស់មនុស្សនៅលើនាវាគឺ ជាមូលហេតុសំខាន់ដែលបំផ្លាញបរិស្ថានអេកូឡូស៊ី នៃសមុទ្រចិនខាងត្បូង ។

អាចឃើញថា សេចក្តីសន្និដ្ឋាន ដែលប្រទេសចិនទទួលបានទាំងនេះគឺ ឈរលើការពិតជាក់ស្តែង និងតាមរយៈការស៊ើបអង្កេតតាមបែបវិទ្យាសាស្ត្រ ។ ប្រទេសចិនបានទាមទារឱ្យហ្វីលីពីន ជម្លៀសចេញនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់ នៅថ្មប៉ប្រះទឹក Ren’ai វាមិនត្រឹមតែជាទង្វើដ៏ត្រឹមត្រូវ សម្រាប់គាំពារអធិបតេយ្យភាពនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏ជៀសវាងប្រព័ន្ធអេកូឡូស៊ីនៅថ្មប៉ប្រះទឹក Ren’ai រងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់ផងដែរដែលជាទង្វើទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថានសមុទ្រ ។

បើប្រៀបធៀប នឹងសភាពការណ៍បរិស្ថានអេកូឡូស៊ី នៅថ្មប៉ប្រះទឹក Ren’ai សភាពការណ៍បរិស្ថាន អេកូឡូស៊ីនៅកោះ Huangyan ដែលស្ថិតក្រោម ការអភិរក្ស ត្រួតពិនិត្យនិងគ្រប់គ្រង របស់ប្រទេសចិនបាន និងកំពុងបង្ហាញពីទិដ្ឋភាពដ៏រស់រវើក ។យោងតាមការស៊ើបអង្កេត ចម្រុះដែលធ្វើឡើងដោយ ស្ថាប័នជាច្រើនដូចជាវិទ្យាស្ថាន តំបន់ Huanan មជ្ឈមណ្ឌលមហាសមុទ្រ និងមជ្ឈមណ្ឌលស្ទង់ពិនិត្យនិង សិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ នៃនាយកដ្ឋានស្ទង់ពិនិត្យលំហសមុទ្រចិនខាងត្បូង Zhujiang នៃក្រសួងបរិស្ថាននិងអេកូឡូស៊ីចិនជាដើមពីខែឧសភាដល់ខែមិថុនា ឆ្នាំ ២០២៤ បានរកឃើញថា បរិស្ថាន នៅលំហសមុទ្រកោះ Huangyan មានគុណភាពល្អ ហើយប្រព័ន្ធអេកូឡូស៊ី នៃផ្កាថ្មប៉ប្រះទឹកក៏មានភាពល្អបរិសុទ្ធដែរ ។

លទ្ធផលស៊ើបអង្កេតនេះ បានឆ្លុះបញ្ចាំងពីប្រសិទ្ធភាពដែលប្រទេសចិនទទួលបានក្នុងការការពារបរិស្ថានអេកូឡូស៊ីសមុទ្រ ។ ក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងទៅនេះ ពីការតាក់តែងនិងអនុវត្តច្បាប់និងបទប្បញ្ញត្តិ ដល់ការសិក្សាស្រាវជ្រាវ បែបវិទ្យាសាស្រ្តនិងការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី រហូតដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចូលរួមពីសំណាក់ សាធារណជន ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ដែលមិនអាចជំនួសបានក្នុង ការការពារបរិស្ថាន នៃសមុទ្រចិនខាងត្បូង ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏បានជំរុញ យ៉ាងសកម្ម នូវការកសាងសហគមន៍រួម វាសនាមហា សមុទ្រផងដែរ ។ គិតមកទល់ពេលបច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើតទំនាក់ទំនងភាព ជាដៃគូពណ៌ខៀវជាមួយសហភាពអឺរ៉ុប សម្ព័ន្ធអាស៊ាន ប្រទេសកោះប៉ាស៊ីហ្វិក ប្រទសក្នុងតំបន់អាក់ទិក និងប្រទេសទ្វីបអាមេរិកខាងត្បូង ជាបន្តបន្ទាប់ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារបរិស្ថាន អេកូឡូស៊ីសមុទ្រនៅសមុទ្រចិនខាងត្បូងនិងទូទាំងពិភពលោក ។

តើអ្នកណាជាអ្នកបំផ្លាញ បរិស្ថាន អេកូឡូស៊ីនៃសមុទ្រចិនខាងត្បូង ការពិតជាក់ស្តែង គឺ ច្បាស់លាស់ណាស់ ។ បញ្ហាស្តីពីការការពារបរិស្ថាន អេកូឡូស៊ីសមុទ្រ គឺ ពាក់ព័ន្ធដល់សុខុមាលភាពរបស់មនុស្សជាតិ ហើយបញ្ហាសមុទ្រចិនខាងត្បូង មិនគួរក្លាយជាឧបករណ៍ នយោបាយ សម្រាប់ប្រទេសមួយចំនួន ក្នុងការធ្វើបដិបក្ខគ្នាខាងភូមិសាស្ត្រ នយោបាយនិងសម្រេចបាននូវផល ប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ ៕

To Top