ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ពាក្យថា «បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន» លែងមានទៀតហើយ

រូបភាព៖ ហ្វេសប៊ុកលោក ជិន ម៉ាលីន

ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ពាក្យថា “បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន” លែងមានទៀតហើយ ។

លោក ជិន ម៉ាលីន បានឲ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១២ កក្កដានេះថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្នុងការអនុវត្តយុទ្ធនាការរយៈពេល ៦ខែ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ នៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស។

អ្នកនាំពាក្យរូបនេះគូសបញ្ជាក់ថា «ក្នុងកិច្ចប្រជុំនេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការបានពិនិត្យ និងវាយតម្លៃឃើញថា ពាក្យថា “បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន” លែងមានទៀតហើយ» ។

លោកបន្ថែមថា គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាព យឺតយ៉ាវ ឬមានភាពមិនប្រក្រតី ត្រូវដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ 099 444 181 ៕

To Top