ហ្សាការតា៖ នៅថ្ងៃព្រហស្បតិ៍នេះ តុលាការឥណ្ឌូនេស៊ី បានកាត់ទោសអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Syahrul Yasin Limpo ឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយ ។
លោក Limpo ជាអ្នកនយោបាយមួយរូបមកពីគណបក្ស Nasdem ត្រូវបានរកឃើញពីបទស៊ីសំណូកដែល មានទឹកប្រាក់ជាង៤៤ពាន់លានរ៉ូពី ស្មើនឹងប្រហែល ២,៧លានដុល្លារអាមេរិក ពីឆ្នាំ២០២០ដល់ឆ្នាំ ២០២៣ នៅគ្រាដែលលោកនៅកាន់មុខតំណែង។
លោក Rianto Adam Pontoh ប្រធានចៅក្រមបានលើកឡើង និងបានអាននូវសាលក្រមនៅឯតុលាការ ក្រុងហ្សាការតា ដែលមានខ្លឹមសារថា លោកដែលមានវ័យ៦៩ឆ្នាំ ក៏ត្រូវបានពិន័យជាប្រាក់ ៣០០លានរ៉ូពី ស្មើនឹងប្រហែល ១៨.៥០០ដុល្លារ ដែលជាថ្នូរនឹងការជាប់ទោសរយៈពេល ៤ខែ នៅគ្រាដែលគាត់មិន បានបង់ប្រាក់ពិន័យទេនោះ ។
លោកអតីតរដ្ឋមន្ត្រីរូបនេះបានប្រព្រឹត្ត អំពើពុករលួយរួមជាមួយនឹងមន្ត្រីក្រោមឱវាទចំនួន ២នាក់ របស់គាត់គឺលោក Kasdi Subagyono អតីតអគ្គលេខាធិការរបស់ក្រសួង និងលោក Muhammad Hatta អតីតនាយកផ្នែកបរិក្ខារកសិកម្ម និងគ្រឿងចក្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា