តៃប៉ិ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានរកឃើញវត្តមានយន្តហោះយោធា របស់ចិនចំនួន៦៦គ្រឿង ដែលបានហោះនៅជុំវិញដែនកោះនេះ ក្នុងរយៈពេល២៤ម៉ោង ដែលជាកំណត់ត្រាខ្ពស់បំផុតនៅក្នុងឆ្នាំនេះ ហើយករណីនេះបានកើតឡើងមួយថ្ងៃក្រោយពីតៃវ៉ាន់ បានលើកឡើងថា ក្រុងប៉េកាំង កំពុងធ្វើសមយុទ្ធនៅក្នុងដែនទឹកដែលនៅក្បែរនោះ ។
ប្រទេសចិន ដែលរក្សាវត្តមានយោធាស្ទើរតែរាល់ថ្ងៃ នៅជុំវិញកោះតៃវ៉ាន់ បានទាមទារកោះដែលគ្រប់គ្រងដោយខ្លួនឯងថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានលើកឡើងថា ខ្លួននឹងមិនបោះបង់ចោលការប្រើប្រាស់កម្លាំង ដើម្បីដណ្តើមយកមកវិញឲ្យស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ខ្លួន ។
កំណត់ត្រានៅថ្ងៃព្រហស្បតិ៍នេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងតៃប៉ិ បានប្រទះឃើញយន្តហោះរបស់ចិន បានហោះនៅជុំវិញដែនកោះនេះ ដែលខ្លួនបានអះអាងថា បានធ្វើដំណើរទៅកាន់មហាសមុទ្រ ប៉ាស៊ីហ្វិកភាគខាងលិច សម្រាប់សមយុទ្ធជាមួយនាវាផ្ទុកយន្តហោះ PLA Shandong ។
ក្រសួងការពារជាតិបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះថា “យន្តហោះ PLA ចំនួន៦៦និងនាវា PLAN ចំនួន៧គ្រឿង ដែលកំពុងប្រតិបត្តិការនៅជុំវិញកោះតៃវ៉ាន់ ត្រូវបានគេរកឃើញរហូតដល់ម៉ោង៦ព្រឹកថ្ងៃនេះ” ។
គេបានដឹងថា យន្តហោះរបស់ចិន ចំនួន៥៦គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនដ៏រសើប ដោយឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវទឹកតូចចង្អៀតដែលមានចម្ងាយ ១៨០គីឡូម៉ែត្រ ដែលផ្លូវបំបែកកោះនេះពីប្រទេសចិន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា