វ៉ាស៊ីនតោន៖ កិច្ចប្រជុំកំពូលចុងក្រោយ របស់អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោន ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការ កាន់តែតឹងរ៉ឹងជាមួយដៃ គូឥណ្ឌូប៉ាស៊ីហ្វិក ផ្តល់ “តម្លៃជាប្រវត្តិសាស្ត្រ” ដល់សន្តិសុខក្នុងតំបន់ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសជប៉ុន លោក Rahm Emanuel បានឲ្យដឹង ដោយកត់សម្គាល់ថា ប្រទេសក្នុងអាស៊ីមិនចង់ ឃើញភាពជាប់គាំង និងមិនបានបោះបង់ចោល ប្រទេសចិននោះឡើយ”។
ថ្លែងនៅក្នុងទីក្រុងតូក្យូ លោក Emanuel បានឲ្យដឹងថា កិច្ចប្រជុំកំពូលដែលបានឃើញប្រទេសអូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង ចូលរួមផងដែរនោះ បានឆ្លុះបញ្ចាំងពី “ការពិត” នៃសន្តិសុខដែលមិនអាចបំបែក បានកាន់តែខ្លាំងឡើងនៃតំបន់ Euro-Atlantic និង Indo-Pacific ដោយលើកឡើងពីរបៀបដែលប្រទេសរុស្ស៊ីកំពុងរីកចម្រើន និងភាពជាដៃគូរបស់ចិន បានអនុញ្ញាតឱ្យសង្គ្រាម របស់ទីក្រុងម៉ូស្គូប្រឆាំងនឹងអ៊ុយក្រែន បន្ដអូសបន្លាយពេល។
កិច្ចប្រជុំកំពូលរបស់អង្គការណាតូ រយៈពេលបីថ្ងៃរហូតដល់ថ្ងៃព្រហស្បតិ៍ នៅក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិកគឺជាឆ្នាំទី៣ ជាប់ៗគ្នាដែលសម្ព័ន្ធភាពយោធាឆ្លងអាត្លង់ទិក បានអញ្ជើញដៃគូឥណ្ឌូប៉ាស៊ីហ្វិកចំនួនបួន ឱ្យចូលរួមក្នុងកម្រិតខ្ពស់បំផុត។
ទំនាក់ទំនងជិតស្និទ្ធជាមួយអ្វី ដែលគេហៅថា IP4 មានសារៈសំខាន់ ពីព្រោះប្រជាជាតិនានា “មើលយ៉ាងច្បាស់ អំពីផលវិបាកនៃសកម្មភាពរបស់ចិន លើសន្តិសុខពិភពលោក” ហើយអាចនាំឱ្យប្រទេសណាតូ “ទទួលបានភាពត្រឹមត្រូវ” អំពីអ្វីដែលកើតឡើង នៅពេលដែលចិនសម្រេចចិត្តប្រើប្រាស់សេដ្ឋកិច្ច និង លោកបានបន្តថាឥទ្ធិពលនយោបាយដើម្បីកំណត់ គោលដៅប្រទេសមួយ ។
ការកត់សម្គាល់ របស់ឯកអគ្គរដ្ឋទូតបានធ្វើឡើង នៅពេលដែលមេដឹកនាំអង្គការណាតូ បានចោទប្រកាន់ប្រទេសចិនថាជា “អ្នកសម្រេចចិត្ត” នៃសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន នៅក្នុងការរិះគន់យ៉ាងខ្លាំងបំផុតរបស់ពួកគេ ចំពោះមហាអំណាចអាស៊ី ខណៈដែលពួកគេបានចេញសេចក្តី ប្រកាសរួមមួយ បន្ទាប់ពីការប្រមូលផ្តុំ របស់ពួកគេកាលពីថ្ងៃពុធ៕
ប្រែសម្រួល ឈូក បូរ៉ា