ព័ត៌មានអន្តរជាតិ

ប្រធានអ្នកការទូត របស់អឺរ៉ុបថា ប្រជាជននៅអាហ្វ្រិក គាំទ្រប្រធានាធិបតីរុស្ស៊ី

AFP

បរទេស៖ ប្រធានអ្នកការទូត របស់សហភាពអឺរ៉ុបលោក Josep Borrell បានសម្តែងការភ្ញាក់ផ្អើល ចំពោះកម្រិតខ្ពស់ នៃការគាំទ្រប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងចំណោមប្រជាជននៅអាហ្វ្រិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Josep Borrell បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយនៅឯវេទិកា សាធារណៈរបស់ណាតូថា “នៅអាហ្វ្រិក ប្រជាជនគាំទ្រពូទីន ។ ពួកគេនិយាយថាពូទីន បានជួយសង្គ្រោះ Donbass” ។

លោក Borrell បានសង្កត់ធ្ងន់ លើតម្រូវការសម្រាប់វិធីសាស្រ្តថ្មី ក្នុងវិស័យការពារជាតិ ដោយផ្តោតលើសង្គ្រាមព័ត៌មាន ជាជាងយុទ្ធសាស្ត្រយោធាប្រពៃណី ។

លោកបានលើកឡើងថា “យើងត្រូវការកងទ័ពផ្សេងគ្នា ។ យើងត្រូវការមនុស្សមើលបណ្តាញ និងមនុស្សពន្យល់ពីអ្វីដែលកំពុងកើតឡើង រៀបចំកម្មវិធីអ្នកស្តាប់ឡើងវិញ ផ្តល់ឱ្យពួកគេនូវព័ត៌មានត្រឹមត្រូវ ដើម្បីការពារការជ្រៀតជ្រែក ក្នុងដំណើរការបោះឆ្នោត” ។

លោក Borrell បានបញ្ជាក់ពីសារៈសំខាន់ នៃការផ្តោតលើសមរភូមិព័ត៌មាន ដែលធ្វើឡើងមិនមែននៅលើសមរភូមិរាងកាយនោះទេ ប៉ុន្តែនៅក្នុងចិត្ត របស់មនុស្ស ។ “យើងមិនចាំបាច់ទម្លាក់គ្រាប់បែក ឬដាក់ពង្រាយរថក្រោះនោះទេ ។ យើងត្រូវផ្សព្វផ្សាយព័ត៌មាន និងកាន់កាប់អ៊ីនធឺណិត។ លោក​បាន​អះអាង​ថា សហភាព​អឺរ៉ុប​មាន​សកម្មភាព​ខ្លាំង​ណាស់ ​ក្នុង​តំបន់​នេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top