ព័ត៌មានអន្តរជាតិ

ចិនប្រកាស ដាក់ទណ្ឌកម្មប្រឆាំង ទៅនឹងឧស្សាហកម្មផលិត អាវុធ របស់អាមេរិកមួយចំនួន

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួង​ការ​បរទេស ​នៃរដ្ឋាភិបាលទីក្រុង​ប៉េកាំង ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា សហគ្រាស​ឧស្សាហកម្ម​យោធា​អាមេរិក​ ចំនួន​៦​ ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ក្នុង​ប្រទេស​ចិន ​ដោយសារតែពួកគេបានចូល​រួម​ ក្នុង​ការ​លក់​អាវុធ​ទៅ​ឲ្យកោះ​តៃវ៉ាន់។

ក្រសួងបាននិយាយ នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា៖ ថ្មីៗនេះសហរដ្ឋអាមេរិក បានប្រកាសថាខ្លួននឹងលក់អាវុធ ទៅឱ្យតំបន់តៃវ៉ាន់ នៃប្រទេសចិនម្តងទៀត ដែលវាបានបំពានយ៉ាងធ្ងន់ធ្ងរ នូវគោលការណ៍ចិនតែមួយនិងជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសនិង ប៉ះពាល់ដល់អធិបតេយ្យភាពរបស់ចិននិង បូរណភាពទឹកដីចិនថែមទៀតផង។

ជាការឆ្លើយតប ប្រទេសចិននឹងបង្កករាល់ទម្រង់ នៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Anduril, AEVEX Aerospace, LKD Aerospace, Maritime Tactical Systems, Pacific Rim Defense និង Pinnacle Technology អាចមាននៅក្នុងប្រទេសហើយបន្ថែមពីនោះ នាយកប្រតិបត្តិប្រាំនាក់របស់ Anduril និង AEVEX ក៏ត្រូវបានដាក់ទណ្ឌកម្មផ្ទាល់ខ្លួនផងដែរ។

ការដាក់ទណ្ឌកម្មនេះមានន័យថា គ្មានជនជាតិចិន ឬអ្នករស់នៅអាចធ្វើអាជីវកម្មណាមួយ ជាមួយក្រុមហ៊ុននេះបានទេ ហើយបុគ្គលិករបស់ពួកគេ នឹងត្រូវបានបដិសេធមិនផ្តល់ទិដ្ឋាការចូលប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top