ព័ត៌មានអន្តរជាតិ

សាកសព ៦០នាក់ត្រូវបានរកឃើញ បន្ទាប់ពីប្រតិបត្តិការរបស់អ៊ីស្រាអែល នៅទីក្រុងហ្គាហ្សា

xinhua

ហ្គាហ្សា៖ យ៉ាងហោចណាស់ សាកសពជនជាតិប៉ាឡេស្ទីន ៦០នាក់ ត្រូវបានរកឃើញនៅតាមដងផ្លូវ និងតាមផ្ទះនានា បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានដកខ្លួនចេញពីសង្កាត់មួយចំនួន នៃទីក្រុងហ្គាហ្សា ភាគខាងជើងហ្គាហ្សាស្ទ្រីប។

សេវាកម្មការពារជនស៊ីវិលបានឲ្យដឹងថា សមាជិកនាវិករបស់ខ្លួនបានចាប់ផ្តើមជួយសង្គ្រោះអ្នកស្លាប់ពីសង្កាត់ Tal al-Hawa និងតំបន់មួយចំនួននៅភាគខាងលិចទីក្រុងបន្ទាប់ពីការដកទ័ពរបស់កងទ័ពអ៊ីស្រាអែល។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា កងទ័ពរបស់ខ្លួនបានចាប់ផ្តើមប្រតិបត្តិការ “ប្រឆាំងអំពើភេរវកម្ម” នៅក្នុងតំបន់កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីស៊ើបការណ៍បានបង្ហាញថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងជីហាតអ៊ីស្លាម និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានបង្កប់នៅខាងក្នុងទីស្នាក់ការកណ្តាល UNRWA នៅទីក្រុងហ្គាហ្សា។

IDF បានឲ្យដឹងនៅលើគណនីបណ្ដាញសង្គម X របស់ខ្លួនកាលពីថ្ងៃសុក្រថា ខ្លួនបានរកឃើញអាវុធជាច្រើននៅក្នុងបរិវេណក្បែរទីស្នាក់ការរបស់ UNRWA ។ ប្រភពបានឲ្យដឹងថា កងទ័ពបានបើក “ច្រករបៀងដែលបានកំណត់” ដើម្បីឱ្យជនស៊ីវិលអាចជម្លៀសចេញពីតំបន់នេះនៅពេលចាប់ផ្តើមប្រតិបត្តិការ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សាកសព​ជាង ៦០​នាក់​ក៏​ត្រូវ​បាន​រក​ឃើញ​ពី​គំនរ​បាក់បែក​នៅ​សង្កាត់ Shujaiya ភាគ​ខាង​កើត​នៃ​ទីក្រុងហ្គាហ្សា បន្ទាប់​ពី​ការ​វាយ​លុក​លើ​ដី​របស់​អ៊ីស្រាអែល​រយៈពេល ២ សប្តាហ៍៕

ប្រែសម្រួល ឈូក បូរ៉ា

To Top