ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិថា ប្រជាជនឥណ្ឌា នឹងកើនដល់កម្រិត កំពូលចំនួន ១,៧ ពាន់លាននាក់ នៅឆ្នាំ ២០៦០

AFP

បរទេស ៖ របាយការណ៍ថ្មី របស់អង្គការសហប្រជាជាតិ (UN) បានព្យាករណ៍ថា ចំនួនប្រជាជននៃប្រទេសឥណ្ឌា ដែលជាប្រទេស ដែលមានប្រជាជនច្រើនជាងគេ លើពិភពលោក ត្រូវបានកំណត់ថា នឹងឈានដល់កម្រិតកំពូលចំនួន ១,៧ ពាន់លាននាក់នៅក្នុងទសវត្សរ៍ឆ្នាំ ២០៦០ មុនពេលវានឹងចាប់ផ្តើមធ្លាក់ចុះ។ បច្ចុប្បន្ន ប្រទេស​អាស៊ី​ខាង​ត្បូង​មួយនេះ មាន​ប្រជាជន​ប្រមាណ ១,៤ ពាន់​លាន​នាក់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមរបាយការណ៍ ទស្សនវិស័យចំនួនប្រជាជន ពិភពលោកឆ្នាំ ២០២៤ បន្ទាប់ពីឈានដល់កម្រិតកំពូល ប្រជាជនឥណ្ឌាត្រូវបានកំណត់ថានឹងធ្លាក់ចុះប្រហែល ១២ភាគរយ នៅឆ្នាំ ២១០០។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនេះទំនងជានៅតែជាប្រទេស ដែលមានប្រជាជនច្រើនជាងគេ នៅលើពិភពលោកពេញមួយសតវត្ស។

កាល​ពី​ឆ្នាំ​មុន ប្រទេស​ឥណ្ឌា​ បាន​វ៉ា​ដាច់​ប្រទេស​ចិន ​ដើម្បី​ក្លាយ​ជា​ប្រទេស​ដែល​មាន​ ប្រជាជន​ច្រើន​ជាង​គេ។ អង្គការសហប្រជាជាតិ រំពឹងថា ចំនួនប្រជាជនចិនបានឡើងដល់កំពូល និងកំពុងធ្លាក់ចុះ។ “នេះគឺដោយសារតែការធ្លាក់ចុះយ៉ាងឆាប់រហ័ស នៃអត្រាមានកូនរបស់ប្រទេសចិន ដែលទាបជាង “អត្រាសាយកូន” ដែលជាចំនួន ជាមធ្យមនៃកុមារ ក្នុងស្ត្រីដែលត្រូវការ ដើម្បីរក្សាចំនួនប្រជាជន ឱ្យស្ថិតស្ថេរពីមួយជំនាន់ទៅមួយជំនាន់ សម្រាប់រយៈពេលដ៏យូរមួយ”។ នេះបើយោងតាមការស្រាវជ្រាវ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រទេសឥណ្ឌា និងចិន នឹងត្រូវបានតាមដានក្នុងចំណាត់ថ្នាក់ប្រជាជននៅឆ្នាំ ២១០០ ដោយប៉ាគីស្ថាន មានប្រជាជន ៥១១ លាននាក់ នីហ្សេរីយ៉ា (៤៧៧ លាននាក់) សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (៤៣១ លាននាក់) និងសហរដ្ឋអាមេរិក (៤២១ លាននាក់) ។ របាយការណ៍បានកត់សម្គាល់ថា ការកើនឡើងនៃចំនួនប្រជាជនអាមេរិក នឹងត្រូវបានជំរុញជាចម្បងដោយការធ្វើចំណាកស្រុក៕
ប្រែសម្រួលៈ ណៃ តុលា

To Top