ព័ត៌មានអន្តរជាតិ

អាមេរិក និងអង់គ្លេស បាញ់ប្រហារតាម ផ្លូវអាកាសទៅលើក្រុងកំពង់ផែ នៅសមុទ្រក្រហមប្រទេស យ៉េមែន

SANAA៖ ទូរទស្សន៍al-Masirah គ្រប់គ្រងដោយក្រុមឧទ្ទាម ហួធី បានរាយការណ៍មកថា កងកម្លាំងចម្រុះ គឺកងទ័ពជើងទឹកអាមេរិក និងអង់គ្លេស កាលពីថ្ងៃអាទិត្យបានធ្វើការវាយប្រហារតាមផ្លូវអាកាសចំនួន២លើកទៅលើអាកាសយានដ្ឋាន Hodeidah នៅក្នុងទីក្រុងកំពង់ផែ Hodeidah សមុទ្រក្រហម របស់ប្រទេសយ៉េមែន ។
ទូរទស្សន៍ Al-Masirah មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអ្វីនោះទេ ប៉ុន្តែអ្នកស្រុកបាននិយាយថា ការផ្ទុះគឺខ្លាំងក្លាណាស់ ។

ក្រុមសម្ព័ន្ធមិនបានធ្វើអត្ថាធិប្បាយ លើការអះអាងនេះនៅឡើយទេ ។

អាកាសយានដ្ឋាន យន្តហោះត្រូវបានបិទ ចាប់តាំងពីក្រុម ហួធី ចូលកាន់កាប់ទីក្រុងនេះនៅក្នុងឆ្នាំ ២០១៤ ។

គួររំលឹកថា គិតចាប់តាំង ពីខែវិច្ឆិកាឆ្នាំមុន ក្រុម ហួធី បានចាប់ផ្តើមបាញ់មីស៊ីលផ្លោងប្រឆាំងនាវា និងយន្តហោះគ្មានមនុស្សបើក សំដៅលើអ្វីដែលពួកគេ បានហៅថា នាវាដែលមានទំនាក់ទំនងនឹងអ៊ីស្រាអ៊ែល ដែលបានឆ្លងកាត់សមុទ្រក្រហម ដើម្បីបង្ហាញពីសាមគ្គីភាព ជាមួយប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ។

លោក Abdulmalik al-Houthi មេដឹកនាំក្រុម ហួធី បានលើកឡើង នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីសប្តាហ៍មុនថា ក្រុមរបស់គាត់បាន កំណត់គោលដៅលើ “នាវាសរុបចំនួន១៦៦ ដែលមានទំនាក់ទំនង ទៅនឹងអ៊ីស្រាអ៊ែល សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស”  ។

ជាការឆ្លើយតប ក្រុមសម្ព័ន្ធកងទ័ពជើងទឹកអាមេរិក និងអង់គ្លេស ដែលឈរជើងនៅដែនទឹក គិតចាប់តាំងពីខែមករា បានធ្វើការវាយឆ្មក់តាមផ្លូវអាកាស និងការវាយប្រហារ ដោយមីស៊ីល ប្រឆាំងនឹងគោលដៅរបស់ក្រុម ហួធី ដើម្បីរារាំងដល់ក្រុមឧទ្ទាម ប៉ុន្តែការធ្វើបែបនេះ វាកាន់តែធ្វើឲ្យមានការបង្កើនការ វាយប្រហារដោយក្រុម ហួធី កាន់តែខ្លាំងថែមទៀត ក្នុងនោះសំដៅលើនាវាពាណិជ្ជកម្ម និងយោធារបស់សហរដ្ឋអាមេរិក និងអង់គ្លេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top