KHARTOUM៖ កាលពីថ្ងៃអាទិត្យ ក្រុមអង្គការមិនមែន រដ្ឋាភិបាលបានប្រកាសថា យ៉ាងហោចណាស់មានជនស៊ីវិល ចំនួន២៣នាក់បានស្លាប់ នៅក្នុងការបាញ់ប្រហារដោយកងកម្លាំងគាំទ្ររហ័ស គឺយោធា ប៉ារ៉ា ហៅកាត់ថា (RSF) នៅក្នុងរដ្ឋ North Kordofan ស្ថិតនៅភាគខាងលិចនៃប្រទេសស៊ូដង់ ។
កងជីវពល RSF បានបាញ់ប្រហារ “ដោយធ្វើការសម្លាប់រង្គាល នៅក្នុងភូមិមួយចំនួននៃតំបន់ Al-Rahad នៅរដ្ឋ North Kordofan ដោយបានសម្លាប់ជនស៊ីវិល យ៉ាងហោចណាស់ចំនួន២៣នាក់ និងបង្កឲ្យមានអ្នករងរបួសផ្សេងទៀត” ។ Mashad Observatory for Human Rights ជាស្ថាប័នផ្លូវច្បាប់មិនផ្លូវការ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដូច្នេះកាលពីថ្ងៃអាទិត្យ ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើង នៅគ្រាដែលកងកម្លាំង RSF បានស្ទាក់ចាប់រថយន្តជាច្រើនគ្រឿង ដែលធ្វើដំណើរមកពីទីក្រុង Al-Rahad ឆ្ពោះទៅកាន់ផ្សារប្រចាំសប្តាហ៍នៅភូមិ Um Simaima ស្ថិតនៅភាគខាងជើងនៃទីក្រុង Um Rawaba ហើយបានបាញ់ប្រហារទៅលើអ្នកដំណើរទាំងនោះ ។
បណ្តាញវេជ្ជបណ្ឌិតស៊ូដង់ ដែលជាក្រុមមិនមែនរដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “ក្រុម RSF បានធ្វើការបាញ់ប្រហារ ដោយសម្លាប់រង្គាលជាថ្មីប្រឆាំងនឹងក្រុមជនស៊ីវិលមកពីភូមិ Fangouga នៅរដ្ឋ Kordofan ភាគខាងជើង ដែលអ្នកដំណើរទាំងនោះ គ្មានអាវុធ ខណៈពេលដែលពួកគេកំពុងធ្វើដំណើរ ដើម្បីមកទិញឥវ៉ាន់ គឺបានសម្លាប់មនុស្សចំនួន ២៣នាក់នៅនឹងកន្លែងនិងអ្នកផ្សេងទៀតរងរបួស” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា