កាប៊ុល៖ អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានរាយការណ៍មកថា មានមនុស្សយ៉ាងហោចណាស់ចំនួន ១៦០នាក់ បានស្លាប់ដោយសារជំងឺកញ្ជ្រឹល នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គិតក្នុងរយៈពេល ៦ខែកន្លងមកនេះ ។
យោងតាមរបាយការណ៍ខាងនេះបានដាក់ថា មានមនុស្សចំនួន ៣៦.៦១៨នាក់ បានឆ្លងជំងឺកញ្ជ្រឹលនៅក្នុងអំឡុងឆ្នាំ នាពេលបច្ចុប្បន្ននេះ ហើយអ្នកស្លាប់មានចំនួន ១៦០នាក់ ត្រូវបានចុះក្នុងបញ្ជី ដែលក្នុងនោះចំនួន ៨១,១ភាគរយ នៃករណីសង្ស័យនៃជំងឺកញ្ជ្រឹល គឺជាកុមារដែលមានអាយុក្រោម៥ឆ្នាំ ហើយ ៤៥ភាគរយនៃពួកគេជាស្ត្រី ។
នៅក្នុងរបាយការណ៍បានឲ្យដឹងទៀតថា ករណីភាគច្រើនត្រូវបានកត់ត្រានៅក្នុងខេត្ត Khost ស្ថិតនៅភាគខាងកើតនៃ ប្រទេសអាហ្វហ្គានីស្ថាន ។
របាយការណ៍បានឲ្យដឹងផងដែរថា ដោយសារកង្វះខាតការយល់ដឹងអំពីជំងឺកញ្ជ្រឹល កង្វះលទ្ធភាពចូលទៅកាន់មណ្ឌលសុខភាព ការមិនចាក់ថ្នាំបង្ការដល់កុមារ និងការធ្វើចំណាកស្រុករបស់ជនជាតិ អាហ្វហ្គានីស្ថានពីកន្លែងមួយទៅកន្លែងមួយទៀត គឺជាកត្តានៃការកើនឡើងនៃជំងឺនៅក្នុងតំបន់ ដាច់ស្រយាលមួយចំនួនរបស់ប្រទេសនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា