បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍ កាលពីថ្ងៃអាទិត្យដោយ ដកស្រង់សម្តី អ្នកការទូតសហភាពអឺរ៉ុបបីនាក់ថា មេដឹកនាំសហភាពអឺរ៉ុប គ្រោងនឹងធ្វើពហិកា នៅក្នុងកិច្ចប្រជុំកំពូលកិច្ចការបរទេស ដែលរៀបចំដោយប្រទេសហុងគ្រី ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៨-២៩ ខែសីហាខាងមុខនេះ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ផ្ទុយទៅវិញ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបលោក Josep Borrell ត្រូវបានគេរាយការណ៍ថា កំពុងពិចារណារៀបចំក្រុមប្រឹក្សាកិច្ចការបរទេស “ផ្លូវការ” ក្នុងពេលតែមួយ ដើម្បីការពាររដ្ឋមន្ត្រីការបរទេសមិនឱ្យចូលរួម ក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ។
យោងតាម Politico, ផែនការនេះត្រូវបានពិភាក្សាក្រៅផ្លូវការ ជាមួយសមាជិកមួយចំនួន រួមទាំងអាល្លឺម៉ង់ និងបារាំង ដោយវាត្រូវបានជំរុញ ដោយដំណើរទស្សនកិច្ច នាពេលថ្មីៗនេះ របស់លោក Orban នាយករដ្ឋមន្រ្តីហុងគ្រី ទៅកាន់ទីក្រុងម៉ូស្គូ ដែលត្រូវបានថ្កោលទោស ដោយអ្នកនយោបាយ សហភាពអឺរ៉ុបផ្សេងទៀត។
អ្នកការទូតសហភាព អឺរ៉ុបដែលមិនបញ្ចេញ ឈ្មោះម្នាក់បានប្រាប់ Politico ថា “ប្រសិនបើមានក្រុមប្រឹក្សាកិច្ចការបរទេស ផ្លូវការដែលរៀបចំ ដោយតំណាងជាន់ខ្ពស់ [Borrell] នៅថ្ងៃតែមួយ នោះគឺបណ្តាលរដ្ឋមន្ត្រីនឹងមិនអាចទៅទីក្រុង Budapest បានទេ”។
ប្រភពអនាមិកមួយទៀតបានបន្ថែមថា បណ្តារដ្ឋមន្ត្រីការបរទេសចង់ “ផ្ញើសញ្ញាច្បាស់លាស់ថា ហុងគ្រីមិននិយាយសម្រាប់ EU”។ Politico បានសរសេរថាការមិនអើពើព្រឹត្តិការណ៍នៅទីក្រុង Budapest គឺជាការបិទផ្លូវរបស់លោក Orban” ៕
ប្រែសម្រួលៈ ណៃ តុលា