ព័ត៌មានអន្តរជាតិ

ចិន ស្នើឱ្យ WTO បង្កើតក្រុមទាក់ទងនឹង ជម្លោះលើច្បាប់ កាត់បន្ថយអតិផរណា របស់អាមេរិក

xinhua

ប៉េកាំង ៖ ប្រទេសចិន បានស្នើសុំឱ្យអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) បង្កើតក្រុមអ្នកជំនាញទាក់ទង នឹងការឧបត្ថម្ភធន រថយន្តថាមពលថ្មី (NEV) ក្រោមច្បាប់កាត់បន្ថយ អតិផរណារបស់សហរដ្ឋអាមេរិក (IRA) ។

ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ នៃឧស្សាហកម្ម NEV របស់ខ្លួន ប្រទេសចិន បានដាក់ពាក្យបណ្តឹងនៅថ្ងៃទី២៦ ខែមីនា នៅឯយន្តការដោះស្រាយវិវាទរបស់ WTO ជុំវិញការឧបត្ថម្ភធន របស់សហរដ្ឋអាមេរិក សម្រាប់ NEVs ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ទោះជាយ៉ាង ណាក៏ដោយ ភាគីអាមេរិកមិន បានឈានដល់ដំណោះស្រាយជាមួយ ប្រទេសចិនតាមរយៈការពិគ្រោះយោបល់ ដែលជាហេតុផល ដែលនាំឱ្យប្រទេសចិន ឈានទៅរកករណីនេះទេ។

អ្នកនាំពាក្យបានឲ្យដឹងថា ឧស្សាហកម្ម NEV របស់ប្រទេសចិន បានចូលរួមចំណែកយ៉ាងសំខាន់ ចំពោះកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការផ្លាស់ប្តូរថាមពលបៃតង និងការឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ។

អ្នកនាំពាក្យបានឲ្យដឹងថា IRA យកការប្រើប្រាស់ផលិតផលពីតំបន់ជាក់លាក់ដូចជាសហរដ្ឋអាមេរិក ជាតម្រូវការជាមុនសម្រាប់ការឧបត្ថម្ភធន មិនរាប់បញ្ចូលផលិតផលពីសមាជិក WTO រួមទាំងប្រទេសចិន បង្កើតរបាំងពាណិជ្ជកម្មដោយសិប្បនិម្មិត និងជំរុញតម្លៃនៃការផ្លាស់ប្តូរថាមពលបៃតង។

មិនថាមានការវេចខ្ចប់ល្អ ឬមានសោភ័ណភាពយ៉ាងណានោះទេ ការឧបត្ថម្ភធន ដែលពាក់ព័ន្ធ គឺមានលក្ខណៈរើសអើង និងជាអ្នកការពារ ហើយបំពានច្បាប់របស់ WTO នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ប្រទេសចិន ប្តេជ្ញាជំរុញដំណើរការនីតិវិធី និងចាត់វិធានការជាក់ស្តែង ដើម្បីរក្សាសិទ្ធិអំណាច និងប្រសិទ្ធភាព នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីជាមួយ WTO ជាស្នូលរបស់ខ្លួន និងការពារកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ពិភពលោកក្នុងការ ដោះស្រាយការប្រែប្រួលអាកាសធាតុ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top