សន្និសីទពេញអង្គ លើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី២០ កំពុងបើកធ្វើនៅក្រុងប៉េកាំង ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា។ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំ នៅថ្ងៃទី ៣០ ខែមេសា ដោយបានសម្រេចថា នឹងបើកសម័យប្រជុំ ពេញអង្គ លើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ នៅទីក្រុងប៉េកាំងក្នុងខែកក្កដាឆ្នាំ ២០២៤ ។
ចាប់តាំងពីការបង្កើតបក្សកុម្មុយនីស្តចិននៅឆ្នាំ ១៩២១ មក សមាជជាតិត្រូវបានប្រារព្ធឡើងប្រហែលរៀងរាល់ប្រាំឆ្នាំម្តង ដែលត្រូវគេហៅថាសមាជបក្ស ។ បន្ទាប់ពី សមាជបក្ស នឹងជ្រើសរើសសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិថ្មី ។ គណៈកម្មាធិការនេះនឹងបើកកិច្ចប្រជុំច្រើនដងក្នុងអាណត្តិ៥ឆ្នាំ ហើយកិច្ច ប្រជុំនីមួយៗ ត្រូវបានគេហៅថា “កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្ស” ។ ជាឧទាហរណ៍ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិនអាណត្តិទី ២០ ដែលកំពុងបើកធ្វើពេលបច្ចុប្បន្ន គឺជាកិច្ចប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ដែលត្រូវជ្រើសតាំង ដោយសមាជបក្ស អាណត្តិទី ២០ ។ កិច្ចប្រជុំទាំងនេះសុទ្ធតែដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវភាពនយោបាយ របស់ប្រទេសចិន និងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការកំណត់គោលនយោបាយ និងទិសដៅអភិវឌ្ឍន៍របស់ប្រទេសចិន។
កាលឆ្នាំ២០២៣ កិច្ចប្រជុំពេញអង្គលើកទី២នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានប្រារព្ធធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ។ កិច្ចប្រជុំពេញអង្គលើកនេះ បានដំណើរការក្រោមកិច្ច សម្របសម្រួល ដោយការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានថ្លែងសុន្ទរកថាគន្លឹះ ហើយកិច្ចប្រជុំពេញ អង្គបានស្តាប់ និង ពិគ្រោះពិភាក្សាពីរបាយការណ៍ការងារនៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ នីស្តចិន។
កិច្ចប្រជុំពេញអង្គនេះ មានសារសំខាន់ ក្នុងការកំណត់គោលនយោបាយ ដឹកនាំប្រទេសកំពូល និង ការសម្រេចចិត្តកម្រិតខ្ពស់ ដែលអាចនឹងធ្វើឱ្យមាន ការផ្លាស់ប្តូរ សណ្តាប់ធ្នាប់ និង ឈានដល់ការផ្លាស់ប្តូរចរន្តសេដ្ឋកិច្ចពាណិជ្ជកម្ម និង ការវិនិយោគរបស់សាកលលោកផងដែរ ។ ប្រឈមនឹងបរិយាកាស អន្តរជាតិ ដ៏ស្មុគស្មាញនិងភារកិច្ចដ៏លំបាកនិងធ្ងន់ លើវិស័យកំណែទម្រង់ អភិវឌ្ឍន៍និងស្ថិរភាពក្នុងស្រុក ការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិនបានអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជបក្សកុម្មុយនីសចិនលើកទី២០ និងកិច្ចប្រជុំពេញ អង្គលើកទីមួយ និង លើកទីពីរ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។ បើតាមរបៀបវារៈសំខាន់ៗនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៅឆ្នាំ២០២៤ នេះ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិននឹងធ្វើរបាយការណ៍ការងារ ជូនចំពោះគណៈកម្មាធិការ មជ្ឈិមបក្ស ដោយផ្តោតលើការសិក្សាដ៏គ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីធ្វើឱ្យការកែទម្រង់កាន់តែស៊ីជម្រៅ និង ជំរុញការធ្វើទំនើបកម្ម តាមបែបផែនត្រឹមត្រូវ របស់ប្រទេសចិន។ អង្គប្រជុំនឹងធ្វើការវិភាគ និង សិក្សាពីស្ថានការណ៍សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និង អនាគត ព្រមទាំងកិច្ចការ ដែលត្រូវធ្វើ សម្រាប់សាធារណៈរដ្ឋប្រជាមានិតចិន ក្នុងពេលបច្ចុប្បន្ន ដើម្បីឱ្យក្លាយកម្លាំងសេដ្ឋកិច្ចដ៏ខ្លាំងក្លា សម្រាប់ជាចលកររស់រវើក ក្នុងការជំរុញសេដ្ឋកិច្ចប្រទេសចិន ក៏ដូចជាសេដ្ឋកិច្ចសាកលលោកឱ្យងើបឡើងវិញប្រកបដោយសន្ទុះខ្លាំងគួរឱ្យកត់សម្គាល់។
ប្រទេសចិននៅតែមានតួទានីសំខាន់ក្នុងការតម្រង់ទិសនៃសេដ្ឋកិច្ចសាកលលោក ក្នុងឋានៈជាប្រទេសផ្គត់ផ្គង់ទំនិញដ៏ធំបំផុតមួយរបស់សាកលលោក ដែលការរួបរួមគ្នា ក្នុងកម្រិតពហុភាគីនិយម ការបែងចែកផល ប្រយោជន៍ពិភពទៅវិញទៅមក ជាយន្តការដ៏បវរសម្រាប់រៀបចំទិសដៅ សេដ្ឋកិច្ចសកលលោកឈានទៅដល់ ជោគវាសនារួមគ្នា នៃមនុស្សជាតិ ។
ពិភពលោកកំពុងរំពឹងថា កិច្ចប្រជុំលើកនេះ នឹងចង្អុលបង្ហាញថា ក្នុងពេលបច្ចុប្បន្ននិងតទៅថ្ងៃខាងមុខ គឺជារយៈពេលដ៏សំខាន់ សម្រាប់ការជំរុញ ដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសខ្លាំង និង បុព្វហេតុស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្ម តាមបែបផែនចិន ។ នៅចំពោះមុខបរិវត្តន៍បច្ចេកវិទ្យាថ្មី និងឧស្សាហកម្មជុំថ្មី ក៏ដូចជាការរំពឹងទុកថ្មីរបស់ប្រជាជន ត្រូវតែបន្តជំរុញកំណែទម្រង់ ឱ្យវិវឌ្ឍទៅមុខ ។ នេះគឺជាតម្រូវការដ៏ចាំបាច់សម្រាប់ការប្រកាន់ខ្ជាប់ និង ធ្វើឱ្យមានសុក្រឹត្យភាពនូវរបបសង្គមនិយមមួយ ដែលមានលក្ខណៈពិសេស ព្រមទាំងជំរុញនូវការធ្វើទំនើបកម្ម ប្រព័ន្ធនិងសមត្ថភាពអភិបាលកិច្ចជាតិ ។
ដោយ គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា