ហ្គាហ្សា ៖ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើ តំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៨,៦៦៤នាក់។
ក្នុងរយៈពេល ២៤ម៉ោង កន្លងមក យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៨០នាក់ និងរបួស ២១៦ នាក់ផ្សេងទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៣៨,៦៦៤នាក់ និងរបួសដល់ ៨៩,០៩៧នាក់ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន។
ទន្ទឹមនឹងនេះដែរ ក្រុម Al-Quds Brigades ដែលជាស្លាបប្រដាប់អាវុធ នៃចលនាជីហាតអ៊ីស្លាម បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា សមាជិករបស់ខ្លួន បានទម្លាក់គ្រាប់បែកលើទាហាន និងរថយន្តយោធារបស់អ៊ីស្រាអែល ជាមួយនឹងរបាំងនៃគ្រាប់កាំភ្លើងត្បាល់នៅក្នុងជំរុំជនភៀសខ្លួន Yabna ក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សា”។
ក្រុមសកម្មប្រយុទ្ធបានអះអាងថា ការវាយប្រហារនេះ បានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងចំណោមទាហានអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) មិនបានធ្វើអត្ថាធិប្បាយលើការវាយប្រហារដែលត្រូវបានអះអាងដោយក្រុម Al-Quds Brigades នោះទេ។ វាបានបញ្ជាក់នៅមុនថ្ងៃដែលសកម្មភាពប្រតិបត្តិការរបស់ខ្លួនបន្តនៅទូទាំងតំបន់ហ្គាហ្សា។
IDF បានឲ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងកម្លាំងដែនអាកាស និងកងទ័ពជើងទឹករបស់អ៊ីស្រាអែល បន្តវាយប្រហារ “គោលដៅភេរវករ” នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ដោយជួយដល់កងទ័ពជើងគោករបស់ IDF នៅក្នុងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា