ព័ត៌មានអន្តរជាតិ

ភ្ញៀវទេសចរចិន ២នាក់ ចោទនគរបាលថៃ មួយក្រុមថា បានចាប់ពង្រត់ និងជំរិតទារប្រាក់ ៧០ ម៉ឺនបាត ជាថ្នូរនឹងការដោះលែង

Bangkok Post

បរទេស៖ មន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូបរបស់ថៃ បានជំរុញភ្ញៀវទេសចរចិន ដែលបានចោទថា មានបុរសមួយក្រុម បានចាប់ពង្រត់ និងជំរិតទារប្រាក់ កាលពីសប្តាហ៍មុន មកដាក់ពាក្យបណ្តឹង ដើម្បីសម្រួលដល់ការស៊ើបអង្កេតរបស់ប៉ូលីស។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Thirachai Chamnanmor ប្រធានផ្នែកស៊ើបអង្កេត នៃស្នងការដ្ឋាន នគរបាលខេត្តភូមិភាគ២ បាននិយាយថា ប៉ូលីសកំពុងស៊ើបអង្កេតករណីចាប់ជំរិត និងជំរិតទារប្រាក់អ្នកទេសចរ ជនជាតិចិន២នាក់ កាលពីថ្ងៃទី១០ ខែកក្កដា ប៉ុន្តែត្រូវការព័ត៌មានលម្អិតដើម្បីបន្តករណីនេះ។

លោកបានសំដៅទៅលើសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយថា បុរសមួយក្រុម ដែលអះអាងថា ជាប៉ូលិសបានបង្ខំរថយន្តឈ្នួលអ្នកទេសចរចិន ពីរនាក់ឲ្យឈប់ដើម្បីឆែកឆេរ។ អ្នកទេសចរត្រូវបានគេអះអាងថានាំទៅផ្ទះមួយ ហើយទាមទារឲ្យបង់ប្រាក់ចំនួន ៧០ ម៉ឺនបាត ជាថ្នូរនឹងសេរីភាពរបស់ពួកគេ។

លោកឧត្តមសេនីយ៍ Thirachai បាននិយាយថា ផ្អែកលើការស៊ើបអង្កេតដំបូង បុរសចំនួន ៥ នាក់ជាប់ពាក់ព័ន្ធក្នុងការចាប់ជំរិត និងជំរិតទារប្រាក់ ហើយម្នាក់ក្នុងចំណោមពួកគេត្រូវបានគេកំណត់អត្តសញ្ញាណថា ជានគរបាលប៉ុស្តិ៍ភូមិភាគទី២ ។

លោកបានថ្លែងថា សមត្ថកិច្ចនគរបាលត្រូវបានសាកសួរអំពីឧបទ្ទវហេតុនេះ ហើយលោកបានបដិសេធការចោទប្រកាន់ពីបទចាប់ពង្រត់និងជំរិតទារប្រាក់។ តាមការបញ្ជាក់របស់ប៉ូលិស គាត់និង ជនស៊ីវិលផ្សេងទៀត បានបញ្ឈប់រថយន្តទេសចរណ៍ដើម្បីពិនិត្យ ហើយឱ្យពួកគេចេញទៅពេល ឯកសារអត្តសញ្ញាណ របស់ពួកគេមានសុពលភាព ៕
ប្រែសម្រួលៈ ណៃ តុលា

To Top