បរទេស៖ គណៈកម្មាធិការសភា អាមេរិកមកពីគណបក្សទាំងពីរ បានទាមទារឱ្យរដ្ឋបាល របស់ប្រធានាធិបតីអាមេរិកលោក Joe Biden បង្ហាញនូវអ្វី ដែលរុស្ស៊ី អាចនឹងបានសិក្សាអំពីអាវុធ ដែលផលិតដោយអាមេរិក ហើយដែលត្រូវបានបញ្ជូន ទៅអ៊ុយក្រែន និងប្រសិនបើរុស្ស៊ីបានចែករំលែកព័ត៌មាន អាវុធនេះជាមួយប្រទេសចិន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ការយល់ដឹងដែលទទួលបាន ដោយទីក្រុងមូស្គូ ក្នុង អំឡុងពេលជម្លោះជាមួយទីក្រុងគៀវ “ទំនងជានឹង រីករាលដាលដល់ PRC (សាធារណៈរដ្ឋប្រជា មានិតចិន) និង សត្រូវដទៃទៀត” នេះបើតាមអ្វីដែលគណៈកម្មាធិការ ជ្រើសរើស លើគណបក្សកុម្មុយនិស្តចិន បានព្រមាននៅក្នុង លិខិតមួយផ្ញើទៅកាន់ទីប្រឹក្សា សន្តិសុខជាតិសេតវិមាន Jake Sullivan នៅលើ ថ្ងៃច័ន្ទ។
ឯកសារដែលចុះហត្ថលេខា ដោយប្រធានគណៈកម្មាធិការ សាធារណរដ្ឋលោក John Moolenaar និងគណបក្ស ប្រជាធិបតេយ្យ Raja Krishnamoorthi បានអានថា មាន “កម្រិតគួរឱ្យព្រួយបារម្ភនៃ ការសម្របខ្លួនរបស់រុស្ស៊ី ដែលបានធ្វើឱ្យខូចប្រសិទ្ធភាព នៃប្រព័ន្ធសព្វាវុធរបស់សហរដ្ឋអាមេរិក” វាបានបន្ថែមថា មិនត្រឹមតែប្រព័ន្ធចាស់ របស់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែ “សូម្បីតែសព្វាវុធថ្មីៗក៏ត្រូវបានគេរាយការណ៍ថា បានបរាជ័យដោយសារសង្គ្រាម អេឡិចត្រូនិករបស់រុស្ស៊ី និងវិធានការប្រឆាំង ដែលពាក់ព័ន្ធ” ផងដែរ។
សមាជិកសភាបាននិយាយថា ការវិវឌ្ឍន៍ទាំងនេះ “បង្កើតជា សំណួរសំខាន់ៗអំពីសមត្ថភាពយោធា និងមូលដ្ឋានឧស្សាហកម្ម របស់សហរដ្ឋអាមេរិក ក្នុងការ ‘ប្រឆាំងការច្នៃប្រឌិត’ ដើម្បីយកឈ្នះ ឬសម្របខ្លួនទៅនឹង យុទ្ធសាស្ត្ររុស្ស៊ីទាំងនេះ។
ពួកគេបាននិយាយថា ដោយពិចារណាលើភាពជាដៃគូ “គ្មានដែនកំណត់” ដែលប្រកាសដោយទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង គឺទីក្រុងវ៉ាស៊ីនតោន “គួរតែគិតទុកជាមុន ហើយពិតជាដំណើរ ការក្រោមការសន្មត់ថា រុស្ស៊ីកំពុងបញ្ជូនព័ត៌មាន អំពីភាពងាយរងគ្រោះ ឬប្រឆាំងទៅនឹងប្រព័ន្ធសព្វាវុធអាមេរិក និងសម្ព័ន្ធមិត្ត ទៅឱ្យប្រទេសចិន” ៕
ប្រែសម្រួលៈ ណៃ តុលា