ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំថា កោះតៃវ៉ាន់ ត្រូវតែបង់ថ្លៃ ឱ្យអាមេរិក ទៅលើការការពារ

AFP

បរទេស៖ បេក្ខជនប្រធានាធិបតី មកពីគណបក្ស សាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានបង្ហាញថា លោកនឹងមិនមានឆន្ទៈ ក្នុងការការពារកោះតៃវ៉ាន់ ពីចិនដីគោក ជាងគូប្រជែងគណបក្សប្រជាធិបតេយ្យ និងជាប្រធានាធិបតីអាមេរិក ដែលកំពុងកាន់អំណាច គឺលោក Joe Biden នោះទេ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានទទូចនៅក្នុងបទសម្ភាសន៍ មួយជាមួយ Bloomberg ដែលបានថតទុកកាលពីថ្ងៃទី២៥ ខែមិថុនា ប៉ុន្តែត្រូវបានផ្សាយទាំង ស្រុងនៅថ្ងៃអង្គារ ថា វាគឺជា ភាព “ល្ងង់ខ្លៅ” សម្រាប់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្តល់ការការពារ ដល់ទីក្រុងតៃប៉ិដោយឥតគិតថ្លៃ។ លោកថា “ខ្ញុំស្គាល់ប្រជាជនតៃវ៉ាន់យ៉ាងច្បាស់ គោរពពួកគេខ្លាំងណាស់។ ពួកគេបានយកប្រហែល ១០០ភាគរយ នៃអាជីវកម្មបន្ទះឈីបរបស់យើង។ ខ្ញុំគិតថា កោះតៃវ៉ាន់គួរតែបង់ប្រា ក់ឲ្យយើងសម្រាប់ការការពារជាតិ»។

កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ដែលចិនចាត់ទុកជាផ្នែកមួយនៃទឹកដីរបស់ខ្លួន គឺផលិតបានប្រហែល ៩០ភាគរយនៃបន្ទះឈីប semiconductor ទំនើបទំនើបរបស់ពិភពលោក។

អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា “ខ្ញុំគិតថាយើងមិនខុសពីគោលនយោបាយធានារ៉ាប់រងទេ” ។ លោកបានបន្ថែមថា “កោះតៃវ៉ាន់មិនផ្តល់អ្វីឲ្យយើងទេ” ទោះបីជា “កោះនេះមានទ្រព្យសម្បត្តិច្រើនក៏ដោយ”។

យោងតាមលោក ត្រាំ គឺថា ការការពារទីក្រុងតៃប៉ិ ក៏នឹងមានបញ្ហាសម្រាប់ទីក្រុងវ៉ាស៊ីនតោនផងដែរ ដោយសារតែហេតុផល ភូមិសាស្ត្រសុទ្ធសាធ។ កោះ “តៃវ៉ាន់មានចំងាយប្រហែល ១៥.០០០គីឡូម៉ែត្រពីសហរដ្ឋអាមេរិក ។ កោះនេះមានចម្ងាយ តិចជាង ១១០ គីឡូម៉ែត្រ ពីប្រទេសចិន។

នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់លោក Cho Jung-tai បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក ត្រាំ ដោយនិយាយថា កោះដែលមានប្រជាជន ចំនួន ២៣,៥ លាននាក់ត្រូវបានឧទ្ទិស ដល់ការបង្កើន ការការពាររបស់ខ្លួន និង “មានឆន្ទៈទទួលខុសត្រូវ បន្ថែមទៀត” សម្រាប់សន្តិសុខរបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា

To Top