បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅឯក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា ជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលមានមូលដ្ឋាននៅហ្គាហ្សា ដែលបានឆក់យកជីវិតមនុស្ស រាប់ម៉ឺននាក់រួចហើយ គឺជាលទ្ធផលនៃគោលនយោបាយ របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។
លោក Lavrov បានបន្តទៀតថា៖ ការពិសោធន៍ភូមិសាស្ត្រនយោបាយថ្មី ដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនគ្រាន់តែធ្វើឱ្យ ស្ថានការណ៍ក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង ដែលបានទទួលរងគ្រោះរួចហើយ កាលពីក្នុងអាណត្តិរបស់ អាណានិគមលោកខាងលិច។
រដ្ឋមន្ត្រីការបរទេសបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននៅតែបន្ត ផ្តល់ការគ្របដណ្តប់ការទូត ក៏ដូចជាសព្វាវុធ និងគ្រាប់រំសេវដល់ទីក្រុងហ្សេរុយសាឡឹម រយៈពេលដប់ខែក្នុងជម្លោះនេះ ដោយបន្ថែមថាការប្រឈមមុខដាក់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានឆក់យកជីវិត ជនស៊ីវិលប៉ាឡេស្ទីន ៤០០០០នាក់រួចមកហើយ និងបានធ្វើឱ្យមនុស្ស ៩០០០០នាក់រងរបួស។
លោកបានបន្ថែមថា ជម្លោះនេះបានធ្វើឱ្យជីវិតមនុស្ស កាន់តែច្រើនក្នុងរយៈពេល ១០ខែមកនេះ បន្ទាប់មកវិបត្តិអ៊ុយក្រែនទាំងមូលក្នុងរយៈពេលដប់ឆ្នាំ ចាប់តាំងពីរដ្ឋប្រហារ Maidan ឆ្នាំ ២០១៤នៅទីក្រុងគៀវ។
លោក Lavrov បាននិយាយថា សង្រ្គាមនៅហ្គាហ្សាក៏បាននាំឱ្យមនុស្សស្លាប់ជិត ៣០០នាក់ ជាបុគ្គលិកអង្គការសហប្រជាជាតិ និងសមាជិកអង្គការមនុស្សធម៌ផ្សេងទៀត ត្រូវបាគេមើលឃើញថា ជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ៕
ប្រែសម្រួល៖ ស៊ុន លី