ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យរក្សាសមភាព អធិបតេយ្យភាព និងការលើកកម្ពស់ ពិភពលោកពហុប៉ូល

យូអិន៖ បេសកជនចិន បានអំពាវនាវឱ្យប្រទេសនានា រក្សាសមភាពអធិបតេយ្យភាព និងលើកកម្ពស់ពិភពលោក ពហុប៉ូឡាក្នុងលក្ខណៈស្មើភាព និងរបៀបរៀបរយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Fu Cong តំណាងអចិន្ត្រៃយ៍ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា “ជាដំបូង យើងត្រូវរក្សាសមភាព អធិបតេយ្យភាព។ ប្រទេសនីមួយៗគួរតែអាចស្វែងរកកន្លែងរបស់ខ្លួន និងដើរតួនាទីរបស់ខ្លួននៅក្នុងប្រព័ន្ធពហុប៉ូល ការថ្លែងរបស់លោក ធ្វើឡើងក្នុងអំឡុងពេលក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ បើកការពិភាក្សា លើកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីផលប្រយោជន៍ នៃសណ្តាប់ធ្នាប់ពិភពលោក កាន់តែត្រឹមត្រូវ ប្រជាធិបតេយ្យ និងនិរន្តរភាព។

លោក បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃសមភាពអធិបតេយ្យភាព និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ក្នុងនោះលោក បានគូសបញ្ជាក់ថា ការកសាង “សណ្តាប់ធ្នាប់អន្តរជាតិ ត្រឹមត្រូវ ប្រជាធិបតេយ្យ និងនិរន្តរភាព គឺជាការស្វែងរករួមគ្នា របស់មនុស្សជាតិ”។

លោកបានសរសើរការបង្កើតអង្គការ សហប្រជាជាតិនៅឆ្នាំ១៩៤៥ ជាមធ្យោបាយមួយ ដើម្បីជួយសង្គ្រោះមនុស្សជំនាន់ ក្រោយឱ្យរួចផុតពីគ្រោះមហន្តរាយ នៃសង្គ្រាម និងលើកកំពស់ស្មារតី នៃពហុភាគីនិយម។

លោកបានកត់សម្គាល់ថា ធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាមូលដ្ឋានគ្រឹះ នៃសណ្តាប់ធ្នាប់អន្តរជាតិសម័យទំនើប និងបង្កប់នូវ ឧត្តមគតិដ៏ថ្លៃថ្នូ នៃការធ្វើការឆ្ពោះទៅរកសណ្តាប់ធ្នាប់ អន្តរជាតិដ៏ត្រឹមត្រូវ និងសមធម៌៕
ប្រែសម្រួល ឈូក បូរ៉ា

To Top