បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ទីក្រុងមូស្គូនឹងស្វាគមន៍ គ្រប់ប្រធានាធិបតី អាមេរិកណាដែលមានបំណង និយាយដោយស្មោះត្រង់ជាមួយនឹងខ្លួន។
លោក Lavrov ថ្លែងបែបនេះក្នុងពេល ដែលលោកកំពុងធ្វើទស្សនកិច្ចនៅទីក្រុងញូវយ៉ក ជាកន្លែងដែលលោកធ្វើជាអធិបតី ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ។
ឆ្លើយសំណួរ របស់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធ អ្នកការទូតរុស្ស៊ីរូបនេះ បាននិយាយអំពីការវិវត្តន៍ ចុងក្រោយបង្អស់ ក្នុងការប្រជែង តំណែងប្រធានាធិបតីអាមេរិកផងដែរ។
លោករដ្ឋមន្ត្រីរូបនេះ បានបន្តថា ៖ ប្រធានាធិបតី Vladimir Putin បាននិយាយច្រើន ដងអំពីរឿងនេះ៖ យើងនឹងធ្វើការជា មួយមេដឹកនាំ អាមេរិកណាក៏ដោយ យើងនឹងត្រៀមខ្លួនធ្វើការជាមួយមេដឹកនាំអាមេរិកណាក៏ដោយ ដែលត្រូវបានជ្រើសរើស ដោយប្រជាជនអាមេរិក ហើយអ្នកដែលត្រៀមខ្លួនសម្រាប់ការសន្ទនាដោយស្មើភាព និងគោរពគ្នាទៅវិញទៅមក។
លោកក៏បានក្រើនរំលឹក អ្នកសារព័ត៌មានថា៖ ទោះបីជាមានការដាក់ទណ្ឌកម្ម យ៉ាងធ្ងន់ធ្ងរក៏ដោយទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានបន្តពិភាក្សាក្នុងអំឡុងពេលកាន់ តំណែងជាប្រធានាធិបតី របស់លោក Donald Trump ដោយលើកឡើងថា វាអាចកើតឡើងម្តងទៀត ៕
ប្រែសម្រួល៖ស៊ុនលី