បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសចិនបាននិយាយថា ប្រទេសចិនបានធ្វើការផ្អាកកិច្ចចរចាគ្រប់គ្រងអាវុធជាមួយសហរដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងការបន្តលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោនទៅកាន់កោះតៃវ៉ាន់។
សហរដ្ឋអាមេរិក និងចិនបានរៀបចំកិច្ចចរចាមិនរីកសាយភាយនុយក្លេអ៊ែរដែល បានរង់ចាំជាយូរមកហើយនៅក្នុងខែវិច្ឆិកា ដែលជាជំនួបលើកដំបូងចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ។
ខណៈដែលកិច្ចចរចាមិនទទួលបានលទ្ធផលជាក់ស្តែង ពួកគេត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយក្នុងការលុបបំបាត់ភាពតានតឹងរវាងមហាអំណាចទាំងពីរ បន្ទាប់ពី ទីក្រុងប៉េកាំងបានផ្តាច់ទំនាក់ទំនងយោធាស្ទើរតែទាំងអស់ជាមួយទីក្រុងវ៉ាស៊ីនតោនកាលពីមួយឆ្នាំមុន ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ប្រទេសចិននឹងមិនពិភាក្សាអំពីជុំថ្មីនៃការពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិកនោះទេ៕
ប្រែសម្រួល៖ស៊ុនលី