បាងកក ៖ កាលពីថ្ងៃពុធ តុលាការធម្មនុញ្ញ របស់ប្រទេសថៃឡង់ដ៏ បានអះអាងថា ខ្លួននឹងប្រកាសសាលក្រម របស់ខ្លួន សម្រាប់សំណុំរឿងមួយ ដែលស្វែងរកការរំសាយគណបក្ស ប្រឆាំងដ៏សំខាន់មួយ ឈ្មោះថា ចលនាទៅមុខ រឺហៅថា Move Forward ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៧ ខែសីហា ខាងមុខនេះ ។
តុលាការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចៅក្រមបានយល់ស្របថា សំណុំរឿងនេះគឺជាវិវាទលើលក្ខណៈបច្ចេកទេសផ្លូវច្បាប់ ហើយមានភស្តុតាងគ្រប់គ្រាន់ដើម្បីធ្វើសេចក្តីសម្រេចចិត្ត ។
ករណីនេះបានកើតឡើងក្រោយពីគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃឡង់ដ៏ បានដាក់ញត្តិទៅតុលាការឱ្យរំលាយគណបក្ស Move Forward ជុំវិញការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើវិសោធនកម្មច្បាប់បរិហារកេរ្តិ៍អង្គព្រះមហាក្សត្រ ដោយអះអាងថា យុទ្ធនាការលើបញ្ហានេះបានបំពានដល់ច្បាប់រដ្ឋធម្មនុញ្ញ ។
គួររំលឹកថា កាលពីខែមករា តុលាការដដែលនេះ បានកាត់ក្តីថា យុទ្ធនាការរបស់គណបក្ស Move Forward ដើម្បីផ្លាស់ប្តូរច្បាប់ប្រមាថ ព្រះមហាក្សត្រគឺ ជាការប៉ុនប៉ងធ្វើឱ្យខូចដល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយបានបញ្ជាឱ្យបញ្ឈប់កិច្ចខិតខំប្រឹងប្រែងដែលមានគោលបំណងលុបបំបាត់ ឬធ្វើវិសោធនកម្មច្បាប់ ។
ច្បាប់ស្តីពីការប្រមាថ ឬត្រង់មាត្រា១១២នៃក្រមព្រហ្មទណ្ឌ បានចែងថា ជនណាបង្ខូចកេរ្តិ៍ឈ្មោះ ប្រមាថ ឬគំរាមកំហែងដល់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ស្នងមរតក ឬរាជានុសិទ្ធិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ឆ្នាំទៅ១៥ឆ្នាំ ។
គេបានដឹងថា គណបក្ស Move Forward បានលេចចេញជារូបរាងគណបក្សដ៏ធំជាងគេ នៅក្នុងសភាជាន់ទាបនៃរដ្ឋសភា ក្នុងការបោះឆ្នោតសកល របស់ប្រទេសថៃឡង់ដ៏ កាលពីឆ្នាំមុន ប៉ុន្តែបេក្ខភាព នាយករដ្ឋមន្ត្រីរបស់ខ្លួន បានបរាជ័យ ក្នុងការទទួលបានការគាំទ្រ ភាគច្រើនពីសមាជិកសភា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា