ព័ត៌មានអន្តរជាតិ

ក្នុងឆមាសទីមួយឆ្នាំនេះ វៀតណាម ហាមឃាត់មនុស្សជិត ១.៥០០ នាក់ មិនឱ្យចាកចេញ ពីប្រទេសដោយសារ តែមិនបានបង់បំណុលពន្ធ

VN EXPRESS

បរទេស៖ លោក Truong Anh Tuan ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យ Hoang Quan ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស ដោយសារតែក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ក្រុមហ៊ុន របស់លោក បានជំពាក់បំណុលពន្ធចំនួន ២៤០.៨០០ ដុល្លារអាមេរិក ។

នៅប្រទេសវៀតណាមក្នុងឆមាសទីមួយឆ្នាំនេះ មនុស្សជិត ១.៥០០ នាក់ត្រូវបានហាមមិនឱ្យចាកចេញពីប្រទេសដោយសារតែមិនបានបង់បំណុលពន្ធ។ ក្រោយមកពួកគេបានបង់ប្រាក់ចំនួន ៩២០ ពាន់លានដុង ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមនាយកដ្ឋានពន្ធដារក្នុងស្រុកបានឱ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធ Hoang Quan Can Tho ដែលអភិវឌ្ឍគម្រោងអចលនទ្រព្យចំនួន ៧ នៅទីក្រុង Can Tho ចាំបាច់ត្រូវបង់ពន្ធឱ្យបានពេញលេញ មុនពេល លោក Tuan អាចចាប់ផ្តើមធ្វើដំណើរទៅក្រៅប្រទេសម្តងទៀត។

នេះជាការហាមប្រាមការធ្វើដំណើរលើកទីពីរដែលបានដាក់លើលោក Truong Anh Tuan ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Hoang Quan ក្នុងឆ្នាំនេះ។

កាលពីខែមុន លោក Truong Anh Tuan ក៏ត្រូវបានហាមមិនឱ្យចាកចេញដោយហេតុផលដូចគ្នា ដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀតឈ្មោះ Hoang Quan Mekong ជាពិរុទ្ធ ប៉ុន្តែបម្រាមនេះត្រូវបានដកចេញនៅថ្ងៃទី ១៩ ខែមិថុនា ប៉ុន្តែបម្រាមថ្មីចូលជាធរមាននៅថ្ងៃដដែល។

ក្រុមហ៊ុន Hoang Quan ត្រូវបានគេស្គាល់ថាជាអ្នកសាងសង់ ផ្ទះល្វែងសង្គមរាប់ពាន់ខ្នងនៅភាគខាងត្បូងប្រទេសវៀតណាម ប៉ុន្តែបានជួបការលំបាក ក្នុងការស្វែងរកមូលនិធិ ក្នុងរយៈពេលប្រាំបីឆ្នាំចុងក្រោយនេះ។

ថ្មីៗនេះក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ Novaland ហើយសង្ឃឹមថានឹងបញ្ចប់លំនៅដ្ឋាន សង្គមចំនួន ៣.០០០ខ្នង នៅឆ្នាំនេះ។ ក្រុមហ៊ុនបានកំណត់គោលដៅប្រាក់ចំណូលចំនួន ២ ពាន់ពាន់លានដុង ដែលជាការកើនឡើងជិត ៧ ដងចាប់ពីឆ្នាំ ២០២៣ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top