រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានច្រានចោលសំណើរបស់អ៊ីស្រាអែល និងអាមេរិក ដើម្បីបើកច្រកព្រំដែនរ៉ាហ្វា ឡើងវិញជាបណ្តោះអាសន្ន ដោយអំពាវនាវជំនួស ឲ្យការដកទ័ព របស់អ៊ីស្រាអែល និងការបង្កើត អធិបតេយ្យភាព ប៉ាឡេស្ទីន។
កិច្ចប្រជុំមួយត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុនដែលពាក់ព័ន្ធនឹងតំណាងមកពីប៉ាឡេស្ទីន សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដើម្បីស្វែងយល់ពីលទ្ធភាពនៃប្រតិបត្តិការច្រកព្រំដែនរ៉ាហ្វា រវាងប្រទេសអេហ្ស៊ីប និងហ្គាហ្សាស្ទ្រីប នេះបើយោងតាមប្រភព ដែលបានស្នើសុំមិនបញ្ចេញឈ្មោះ។
ភាគីអ៊ីស្រាអែល បានស្នើឱ្យបុគ្គលិកប៉ាឡេស្ទីនចំនួន ៦នាក់ចូលរួមក្នុងការគ្រប់គ្រងការឆ្លងកាត់ដោយគ្មានឯកសណ្ឋាន ឬប៉ូលីស ហើយដោយមិនលើកទង់ជាតិប៉ាឡេស្ទីន សម្រាប់ការបើកច្រកឆ្លងកាត់ខាងលើនេះ។
ប្រភពបានពន្យល់ថា សំណើនេះត្រូវបានច្រានចោល ព្រោះវាមានបំណងបើកច្រកឆ្លងកាត់បណ្តោះអាសន្នដោយគ្មានអធិបតេយ្យភាពប៉ាឡេស្ទីន ដែលផ្ទុយនឹងជំហរប៉ាឡេស្ទីន និងកិច្ចព្រមព្រៀងអន្តរជាតិ។
យោងតាមប្រភពដដែល ជំហររបស់ប៉ាឡេស្ទីន គឺស្របតាមកិច្ចព្រមព្រៀងឆ្នាំ២០០៥ ស្តីពីការឆ្លងកាត់ច្រកព្រំដែនរ៉ាហ្វា ដែលទាមទារអធិបតេយ្យ ភាពប៉ាឡេស្ទីន ការចូលរួមរបស់អឺរ៉ុប និងការដកខ្លួន របស់អ៊ីស្រាអែល យ៉ាងពេញលេញ ចេញពីច្រកឆ្លង កាត់ខាងលើនេះ។
កិច្ចប្រជុំនេះបានបញ្ចប់បន្ទាប់ពីកិច្ចប្រជុំ រវាងអ៊ីស្រាអែលនិងអាមេរិក។ ប្រភពដដែលបានបន្តថា សំណើត្រូវបានប៉ាឡេស្ទីន ច្រានចោល ហើយមិនមានការពិភាក្សា បន្ថែមទៀតបន្ទាប់ពីកិច្ចប្រជុំនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា