ភ្នំពេញ៖ ភាគីវៀតណាមបានយល់ព្រម លើកលែងទោស និងដោះលែងប្រជាពលដ្ឋខ្មែរ២រូប ហើយបានបញ្ជូនវិលត្រឡប់មកប្រទេសកំណើតវិញ បន្ទាប់ពីពួកគេបើកទូកទេសចរណ៍ ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្រវៀតណាម។

យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃ១៩ កក្កដា បានឲ្យដឹងថា ការដោះលែងនេះបន្ទាប់ពីមានជំនួប រវាងប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម កាលពីរសៀលថ្ងៃ១៣ កក្កដា ។ ដោយលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលើកលែងទោស និងដោះលែងពលរដ្ឋខ្មែរចំនួន២នាក់ ។ តបតាមសំណើររបស់រដ្ឋមន្រ្តីមហាផ្ទៃកម្ពុជា ខាងភាគីវៀតណាមក៏បានយល់ព្រម ហើយក៏បំពេញសំណុំបែបបទនានា បានបញ្ជូនពលរដ្ឋខ្មែរទាំង ២នាក់ឲ្យវិលចូលមកកម្ពុជាវិញ កាលពីយប់ថ្ងៃទី១៨ កក្កដា តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា២រូប ត្រូវបានអាជ្ញាធរវៀតណាម ឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅពេលពួកគាត់បានបើកទូកទេសចរណ៍ ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្រវៀតណាម៕


