ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្ដជប៉ុន អាមេរិក និង​កូរ៉េខាងត្បូង ប្តេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការត្រីភាគី

KYOTO

តូក្យូ៖ មន្ត្រីកំពូលនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានសន្យារួមគ្នាថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីសម្រេចបាននូវសន្តិភាពក្នុងតំបន់ និងពិភពលោក ចំពេលមានការកើនឡើងនៃបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលបង្កឡើងដោយប្រទេសចិន និងកូរ៉េខាងជើង។

លោកឧត្តមសេនីយ Yoshihide Yoshida ប្រធានសេនាធិការចម្រុះនៃក្រសួងការពារជាតិជប៉ុន និងសមភាគីអាមេរិកឧត្តមសេនីយ៍ Charles Brown និងភាគីកូរ៉េខាងត្បូងឧត្តមនាវីឯក Kim Myung Soo បានប្រមូលផ្តុំគ្នានៅទីក្រុងតូក្យូ ហើយវា​ជា​លើក​ដំបូង​សម្រាប់​ប្រទេស​ជប៉ុន​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ពិភាក្សា​បែប​នេះ។

យោងតាមសេចក្តីថ្លែងការណ៍រួម ដែលចេញបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ មន្រ្តីឯកសណ្ឋានជាន់ខ្ពស់ទាំងបី បានយល់ព្រម “បន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី ដើម្បីជំរុញសន្តិភាព និងសន្តិសុខនៅលើឧបទ្វីបកូរ៉េ នៅឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះទៀត”។

ភាគីទាំងបីបានជំរុញឱ្យកូរ៉េខាងជើង “បញ្ឈប់សកម្មភាពអស្ថិរភាពទាំងអស់ជាបន្ទាន់” ដូចជាកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ហើយបានថ្កោលទោសការពង្រីកទំនាក់ទំនងយោធារបស់ខ្លួនជាមួយរុស្ស៊ី។

មន្ត្រីទាំងបីរូបក៏បានជំទាស់នឹង “ការប៉ុនប៉ងឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំង” នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយថា “អាកប្បកិរិយាគ្រោះថ្នាក់កាន់តែកើនឡើងរបស់ចិន  និងឈ្លានពានដែលគាំទ្រការទាមទារដែនសមុទ្រខុសច្បាប់” នៅក្នុងដែនទឹកក្នុងតំបន់ រួមទាំងសមុទ្រចិនខាងត្បូងផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top