ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ដែលជាសមាជិកណាតូ ប្រកាសបង្កើនចំនួនទ័ពរហូតដល់៣ដង នៅតាមព្រំដែនជាមួយបេឡារុស្ស ជាសម្ព័ន្ធមិត្តធំរបស់រុស្ស៊ី

RT News

បរទេស៖ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បាននិយាយថា ប្រទេសប៉ូឡូញនឹងបង្កើន កម្លាំងយោធារបស់ខ្លួនបីដង នៅតាមព្រំដែនជាមួយប្រទេសបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តរុស្ស៊ី ចាប់ពីខែក្រោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីទីក្រុង Minsk (បេឡារុស្ស) បាននិយាយថា ទីក្រុង Warsaw (ប៉ូឡូញ) បានបញ្ឈប់កិច្ចសហប្រតិបត្តិការ លើការគ្រប់គ្រងស្ថានភាពនៅតាមព្រំដែន។ ប្រទេសប៉ូឡូញបានចោទប្រកាន់រុស្សី និងបេឡារុសថា បានបញ្ជូនជនចំណាកស្រុកអាហ្វ្រិក និងអាស៊ីរាប់ពាន់នាក់ទៅកាន់ ប្រទេសសហភាពអឺរ៉ុប ដើម្បីធ្វើឱ្យមានអស្ថិរភាព។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ លោក Kosiniak-Kamysz បានប្រកាសថា បេសកកម្មថ្មីមួយដែលពាក់ព័ន្ធ នឹងទាហានរហូតដល់ ១៧.០០០ នាក់នៅតាមព្រំដែនជាមួយ ប្រទេសបេឡារុស្សនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែសីហា។ បច្ចុប្បន្នទាហានប្រហែល ៦.០០០ នាក់កំពុងឈរជើងនៅទីនោះ។

រដ្ឋាភិបាលទីក្រុង Warsaw បានបញ្ជូនទាហានកងទ័ពជាទៀងទាត់ ទៅពង្រឹងឆ្មាំព្រំដែននៅឆ្នាំ ២០២១ នៅពេលដែលប៉ូឡូញដំបូង បានចោទប្រកាន់រុស្ស៊ី និងបេឡារុស្សថា កំពុងធ្វើ “សង្រ្គាមកូនកាត់” ដោយចោទប្រកាន់ថាបញ្ជូនជន ចំណាកស្រុកចូលមកប្រទេសប៉ូឡូញ ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុង មីន បានច្រានចោលការចោទប្រកាន់នេះ វិញផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top