ព័ត៌មានអន្តរជាតិ

សេចក្តីប្រកាសនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ (អនុម័តដោយកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤)

កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។


ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានសម្របសម្រួលកិច្ចប្រជុំពេញអង្គលើកនេះ។លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងសុន្ទរកថាគន្លឹះ។
កិច្ចប្រជុំពេញអង្គបានស្តាប់និងពិភាក្សារបាយការណ៍ការងាររបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលថ្លែងដោយលោកXi Jinping ពិនិត្យពិភាក្សានិងអនុម័តលើ«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»។


លោកXi Jinpingក៏បានពន្យល់ពី«សេចក្តីសម្រេចចិត្ត(សេចក្តីព្រាងសម្រាប់ពិភាក្សា)»ដល់អង្គប្រជុំ។
កិច្ចប្រជុំពេញអង្គបានវាយតម្លៃខ្ពស់ចំពោះការអនុវត្តជាក់ស្តែងដោយជោគជ័យនិងសមិទ្ធផលដ៏អស្ចារ្យនៃការធ្វើឱ្យមានភាពស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយចាប់ពីចូលយុគសម័យថ្មីមក ហើយបានសិក្សាបញ្ហាធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ដោយយល់ឃើញថា អំឡុងពេលបច្ចុប្បន្ននិងថ្ងៃអនាគតជារយៈពេលគន្លឹះសម្រាប់ការជំរុញការកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។
កិច្ចប្រជុំពេញអង្គបានចង្អុលបង្ហាញថា គោលដៅទូទៅនៃការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយគឺបន្តកែលម្អនិងអភិវឌ្ឍរបបសង្គមនិយមដែលមានលក្ខណៈពិសេសចិន និងជំរុញការធ្វើទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចនិងសមត្ថភាពអភិបាលកិច្ច។


ដល់ឆ្នាំ ២០៣៥ នឹងកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ធ្វើឱ្យមានសុក្រឹតភាពបន្ថែមទៀតនូវប្រព័ន្ធសង្គមនិយមដែលមានលក្ខណៈចិន សម្រេចបានជាមូលដ្ឋាននូវការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចជាតិនិងសមត្ថភាពអភិបាលកិច្ច សម្រេចបានជាទូទៅនូវការកសាងសង្គមនិយមទំនើប ដើម្បីជាគ្រឹះដ៏រឹងមាំសម្រាប់ការកសាងបាននូវប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយនៅពាក់កណ្តាលសតវត្សរ៍នេះ ។


កិច្ចប្រជុំពេញអង្គបានលើកឡើងថា ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់គឺជាការធានាដ៏សំខាន់សម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន ។ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់គឺជាភារកិច្ចចម្បងក្នុងការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ។ ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងធនធានមនុស្ស គឺជាការទ្រទ្រង់ជាមូលដ្ឋាននិងជាយុទ្ធសាស្ត្រសម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន ។

ការគ្រប់គ្រងម៉ាក្រូតាមបែបវិទ្យាសាស្ត្រនិងអភិបាលកិច្ចរបស់រដ្ឋាភិបាលដែលប្រកបដោយប្រសិទ្ធភាព គឺជាតម្រូវការនៃឧត្តមភាពផ្នែកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយម ។ ការអភិវឌ្ឍដោយរួមបញ្ចូលគ្នារវាងទីក្រុងនិងជនបទគឺជាភាពចាំបាច់សម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន ។ ភាពបើកទូលាយគឺជានិមិត្តសញ្ញានៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលគឺជាតម្រូវការជាស្នូលនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ នីតិរដ្ឋគឺជាការធានាដ៏សំខាន់សម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន ។

ការធ្វើទំនើបកម្មតាមបែបផែនចិនគឺជាការធ្វើទំនើបកម្មដោយស៊ីសង្វាក់គ្នារវាងអរិយធម៌ខាងសម្ភារៈ និងអរិយធម៌ខាងវិញ្ញាណ ។ ការធានានិងកែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងដំណើរការអភិវឌ្ឍ គឺជាកិច្ចការសំខាន់នៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួមរស់ជាមួយគ្នាដោយសុខដុមរមនា ។ សន្តិសុខជាតិគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស្ថិរភាពនិងភាពយូរអង្វែងនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ ការធ្វើទំនើបកម្មខាងការការពារជាតិនិងយោធា គឺជាធាតុផ្សំដ៏សំខាន់នៃការធ្វើទំនើបកម្មតាមបែបផែនចិន ។

កិច្ចប្រជុំពេញអង្គបានគូសបញ្ជាក់ថា ការដឹកនាំនៃបក្សកុម្មុយនីស្តចិនជាការធានាពីឫសគល់នៃការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ក៏ដូចជាការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។ ការធ្វើទំនើបកម្មតាមបែបផែនចិនជាការធ្វើទំនើបកម្មដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព។ ចាំបាច់ត្រូវប្រកាន់គោលនយោបាយការទូតបែបសន្តិភាពដែលឯករាជ្យនិងម្ចាស់ការ ជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ អនុវត្តគុណតម្លៃរួមនៃមនុស្សជាតិ អនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល ផ្តួចផ្តើមឱ្យធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោក ដែលមានសមភាពនិងមានសណ្តាប់ធ្នាប់ បរិយាបន្ននិងផ្តល់ផលប្រយោជន៍ជាទូទៅ ចូលរួមនិងដឹកនាំកំណែទម្រង់និងកសាងប្រព័ន្ធអភិបាលកិច្ចសកល គាំពារយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាព សន្តិសុខជាតិ និងផលប្រយោជន៍អភិវឌ្ឍន៍នៃប្រទេសជាតិ។
អនុលោមតាមលក្ខន្ដិកៈរបស់បក្សកុម្មុយនីស្តចិន កិច្ចប្រជុំពេញអង្គបានសម្រេចចិត្តបន្ថែមលោកស្រីDing Xiangqun លោក Yu Lijun និងលោកស្រីYu Jihongជាសមាជិកនៃ គណៈកម្មាធិការមជ្ឈិមចិន។


កិច្ចប្រជុំពេញអង្គបានសម្រេចចិត្តទទួលយកពាក្យសុំលាលែងពីលោកQinGangជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមចិន។


កិច្ចប្រជុំពេញអង្គបានអំពាវនាវថា បក្សទាំងមូល យោធាទាំងមូល ប្រជាជនគ្រប់ជនជាតិត្រូវរួមសាមគ្គីគ្នាកាន់តែខ្លាំងក្រោមការដឹកនាំរបស់មជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូល ជ្រោងទង់កំណែទម្រង់និងបើកទូលាយ រួមចិត្តរួមថ្លើម រួមកម្លាំងគ្នា ខិតខំតស៊ូឈានទៅមុខយ៉ាងអង់អាច ខិតខំកសាងមាតុប្រទេសឱ្យក្លាយជាប្រទេសសង្គមនិយមទំនើបនិងខ្លាំងក្លា ដើម្បីសម្រេចគោលដៅតស៊ូមួយរយឆ្នាំទីពីរ និងជំរុញការស្តាភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន!

To Top