ព្យុងយ៉ាង៖ លោក គីម ជុងអ៊ុន អគ្គលេខាធិការបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានទទួល គណៈប្រតិភូយោធារុស្ស៊ី ដឹកនាំដោយអនុរដ្ឋមន្ត្រីការពារជាតិលោក Alexei Krivoruchko នៅទីក្រុងព្យុងយ៉ាង។
របាយការណ៍បានឲ្យដឹងថា លោក គីម និងលោក Krivoruchko បានជួបពិភាក្សាគ្នា និងចែករំលែកការទទួលស្គាល់ពីសារៈសំខាន់ និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ដើម្បីការពារផលប្រយោជន៍សន្តិសុខទៅវិញទៅមក។
ដោយថ្លែងនូវការកោតសរសើររបស់លោក ចំពោះសារៈសំខាន់នៃកិច្ចប្រជុំកំពូលកូរ៉េខាងជើង-រុស្ស៊ីដែលបានធ្វើឡើងនៅក្នុងខែមិថុនា លោក គីមបានសង្កត់ធ្ងន់ថា “តម្រូវការសម្រាប់កងទ័ពនៃប្រទេសទាំងពីរត្រូវតែរួបរួមគ្នាឱ្យកាន់តែរឹងមាំ ដើម្បីដឹកនាំទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៊ីក្នុងយុគសម័យថ្មីនិងដើរតួយ៉ាងសំខាន់ ដែលជាផ្នែកមួយក្នុងការការពារសន្តិភាពក្នុងតំបន់ និងសកលលោក និងយុត្តិធម៌អន្តរជាតិ។
គួរបញ្ជាក់ថា មួយខែមុននេះ លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំកំពូល និងបានចុះហត្ថលេខាលើសន្ធិសញ្ញា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅទីក្រុងព្យុងយ៉ាង៕
ប្រែសម្រួល ឈូក បូរ៉ា