បរទេស ៖ នាយកប្រតិបត្តិក្រុមហ៊ុន Meta ដែលពីមុនជា Facebook លោក Mark Zuckerberg បានពណ៌នាប្រតិកម្មរបស់លោក ដូណាល់ ត្រាំ ចំពោះការប៉ុនប៉ងធ្វើឃាត កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថាជា “មនុស្សមិនចុះញម” ។ ខណៈដែលមហាសេដ្ឋីបច្ចេកវិទ្យា បានឈប់គាំទ្របេក្ខជន នាំមុខខាងគណបក្ស សាធារណរដ្ឋ សម្រាប់តំណែងប្រធានាធិបតីនោះ លោកបែរជាបានកត់សម្គាល់ថា មានប្រជាជនអាមេរិក ជាច្រើនបានរកឃើញការឆ្លើយតបបំផុស គំនិតរបស់លោក ដូណាល់ ត្រាំ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានរួចផុតពីការបាញ់សម្លាប់ យ៉ាងចង្អៀតនៅឯការជួបជុំយុទ្ធនាការមួយ នៅជិត Butler រដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ នៅពេលដែលខ្មាន់កាំភ្លើង ឈ្មោះ Thomas Matthew Crooks អាយុ ២០ ឆ្នាំ បានបាញ់មកលើលោកដោយកាំភ្លើង AR-15 ពីដំបូលក្បែរនោះ។
គ្រាប់កាំភ្លើងបានបាញ់ចំត្រចៀកស្តាំរបស់លោក ត្រាំ មុនពេលភ្នាក់ងារសេវាកម្មសម្ងាត់បានសម្លាប់ឃាតកជាខ្មាន់កាំភ្លើង។ ហេតុការណ៍នេះបានបណ្តាលឱ្យអ្នកចូលរួមបាតុកម្មម្នាក់ស្លាប់ និង ២នាក់ទៀតរងរបួស ។ លោក ត្រាំ ត្រូវបានគេនាំយ៉ាង ប្រញាប់ប្រញាល់ ចេញពីកន្លែងកើតហេតុ ដោយសេវាលម្អិតសន្តិសុខ របស់លោក ប៉ុន្តែត្រូវបានគេមើលឃើញថា ពេលនោះ លោកបានលើកកណ្តាប់ដៃរបស់គាត់ឡើង ហើយស្រែកថា “ប្រយុទ្ធ ប្រយុទ្ធ” ទៅកាន់ហ្វូងមនុស្ស នៅពេលដែលគាត់ ត្រូវបានគេយកចេញពីឆាក ។
លោក Zuckerberg បាននិយាយនៅទីស្នាក់ការកណ្តាល Meta Platforms Inc. ក្នុងទីក្រុង Menlo ថា “ការឃើញលោក ដូណាល់ ត្រាំ ក្រោកឡើងបន្ទាប់ពីបានបាញ់ចំមុខ ហើយក្តាប់ដៃរបស់គាត់ឡើង លើជាមួយនឹងទង់ជាតិអាមេរិកគឺ ជារឿងដ៏ល្អបំផុតដែលខ្ញុំធ្លាប់ឃើញក្នុងជីវិតរបស់ខ្ញុំ” ។
សហគ្រិនរូបនេះបានបន្ថែមថា “ក្នុងកម្រិតខ្លះក្នុងនាមជាជនជាតិអាមេរិក វាពិបាកណាស់ក្នុងការមិន មានអារម្មណ៍អំពីស្មារតីនោះ និងការប្រយុទ្ធនោះ ហើយខ្ញុំគិតថានោះហើយជាមូលហេតុ ដែលមនុស្សជាច្រើនចូលចិត្តបុរសនោះ” ។
ទោះជាយ៉ាងណា ក៏ដោយ Zuckerberg បានទទូចថា លោកមិនមានគម្រោងចូលរួម ក្នុងការ បោះឆ្នោតប្រធានាធិបតីអាមេរិក នាពេលខាងមុខ តាមមធ្យោបាយណាមួយឡើយ ។ លោកបានបន្ថែមថា វានឹងមានខ្លឹមសារ នយោបាយតិចជាងនៅលើ Facebook បន្តទៅមុខ ដោយលើកឡើងពីបំណងប្រាថ្នារបស់អ្នកប្រើប្រាស់៕
ប្រែសម្រួលៈ ណៃ តុលា