ព័ត៌មានអន្តរជាតិ

ភាព​មិន​ប្រាកដ ​ប្រជា​មាន​ច្រើន កំពុងកើតមាន សម្រាប់​តំបន់អាស៊ី ខណៈ​អាណត្តិ​ទី​២ ​របស់​លោក ត្រាំ ទំនង​ជា​លេចរូបរាងឡើង ក្នុងពេលឆាប់ៗ

Kyodo

វ៉ាស៊ីនតោន ៖ ឱកាសរបស់លោក ដូណាល់ ត្រាំ ក្នុងការស្វែងរកផ្លូវត្រលប់ ទៅសេតវិមានវិញសម្រាប់អាណត្តិទី២ ឥឡូវនេះគឺខ្ពស់ជាងពេលមុនៗ ក្នុងការប្រជែងតំណែង ប្រធានាធិបតីឆ្នាំ២០២៤ ដែលជំរុញឱ្យមានភាព មិនប្រាកដប្រជាអំពីភាព ជាអ្នកដឹកនាំពិភពលោក របស់សហរដ្ឋអាមេរិក និងវិធីសាស្រ្តរបស់ខ្លួន ចំពោះប្រទេសអាស៊ី ក្រៅពីប្រទេសចិន ។

សន្និបាតជាតិរយៈពេល ៤ថ្ងៃរបស់គណបក្សសាធារណរដ្ឋ រហូតដល់ថ្ងៃព្រហស្បតិ៍នៅទីក្រុង Milwaukee ដើម្បីធ្វើជាផ្លូវការការតែងតាំងរបស់លោក ត្រាំ បានដំណើរការដូចការគ្រោងទុក ត្រឹមតែប៉ុន្មាន ថ្ងៃបន្ទាប់ពីបុរសវ័យ ៧៨ឆ្នាំរូបនេះបានរួចផុតពីការប៉ុនប៉ងធ្វើឃាត។

គណបក្សនេះហាក់ដូចជាមានថាមពល ដោយសមាជិក របស់ខ្លួនបានឲ្យដឹងថា ពួកគេមានការរំភើបចិត្តយ៉ាងខ្លាំង និងបានរួមចំណែកដល់ការបង្ហាញ កាន់តែរឹងមាំនៃការរួបរួម របស់គណបក្សសាធារណរដ្ឋ ផ្ទុយស្រឡះទៅនឹងការបែកបាក់គ្នា កាន់តែទូលំទូលាយ ក្នុងចំណោម អ្នកប្រជាធិបតេយ្យជុំវិញ សមត្ថភាពរបស់ប្រធានាធិបតីលោក ចូ បៃដិន ក្នុងដំណើរការយុទ្ធនាការប្រកបដោយប្រសិទ្ធភាព និងបម្រើការរយៈពេល ៤ខាងមុខទៀតឆ្នាំ។

ការសម្តែងដ៏រង្គោះរង្គើរបស់លោក បៃដិន ប្រឆាំងនឹងអ្នកកាន់តំណែងមុនរបស់លោក នៅក្នុងការជជែកដេញដោល តាមទូរទស្សន៍នៅថ្ងៃទី២៧ ខែមិថុនា បានធ្វើឱ្យមានការអំពាវនាវ ពីគណបក្សប្រជាធិបតេយ្យមួយចំនួន ឱ្យលោកបោះបង់ចោលការប្រជែងការបោះឆ្នោតឡើងវិញរបស់លោក។

អ្នកកាន់អំណាចដែលមានអាយុ ៨១ឆ្នាំរូបនេះ បន្តប្រឈមមុខ នឹងការឈឺក្បាល រយៈពេលប្រហែលមួយខែ មុនពេលសន្និបាតជាតិ របស់គណបក្សរបស់លោកនៅទីក្រុង Chicago ជាមួយនឹងការស្ទង់មតិ ដែលចេញផ្សាយកាលពីថ្ងៃពុធ ដោយសារព័ត៌មាន Associated Press បានរកឃើញថាជិត ២ ភាគ ៣ នៃគណបក្សប្រជាធិបតេយ្យគិតថា លោក បៃដិន គួរតែដកខ្លួនចេញពីការប្រកួតប្រជែងនេះ។

វេទិការបស់គណបក្ស សាធារណរដ្ឋ ដែលត្រូវបានអនុម័ត នៅក្នុងសន្និបាតសប្តាហ៍នេះ ផ្តល់នូវការមើលឃើញអំពីគន្លងគោល នយោបាយការបរទេស របស់លោក ត្រាំ ថាតើនឹងទៅជាយ៉ាងណា ប្រសិនបើលោកឈ្នះការបោះឆ្នោត នៅថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខនេះ។

ប៉ុន្តែក្រៅពីការសន្យាថា នឹងគាំទ្រ គោលនយោបាយការបរទេស “អាមេរិកទីមួយ” របស់លោក ត្រាំ និងប្រកាន់យកឥរិយាបថ ដ៏អាក្រក់ ចំពោះប្រទេសចិននោះ មនុស្សជាច្រើននៅមិនទាន់ដឹងច្បាស់ ចំពោះគោលនយោបាយការបរទេស របស់លោកនៅឡើយទេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top