បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា ប្រទេសរុស្ស៊ីមានកិច្ចការងារ ចាំបាច់ផ្សេងទៀត ជាងការរង់ចាំលទ្ធផល នៃការបោះឆ្នោត ប្រធានាធិបតីអាមេរិក។
ប្រភពដដែលបានឲ្យដឹង ដែរថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយបែបនេះ នៅពេលត្រូវធ្វើការ អត្ថាធិប្បាយ ទៅលើប្រធានបទ និងព័ត៌មាន ដែលទើបបានចេញផ្សាយ កាលពីពេលថ្មីៗ ចុងក្រោយនេះថា ប្រធានាធិបតីអាមេរិក Joe Biden នឹងដកខ្លួនចេញពីការ ប្រកួតប្រជែងប្រធានាធិបតី។
លោក Peskov បានប្រាប់សារព័ត៌មាន រុស្ស៊ី Life កាលពីយប់ថ្ងៃអាទិត្យថា ការឈ្នះនៅក្នុងជម្លោះប្រឆាំង នឹងរដ្ឋាភិបាលអ៊ុយក្រែន គឺជាអាទិភាពកំពូល សម្រាប់ប្រទេសរុស្ស៊ី នៅក្នុងពេលវេលានេះ។
លោក Peskov បាននិយាយថា ៖ សម្រាប់ពួកយើង ការសម្រេចបាននូវគោលដៅ នៃប្រតិបត្តិការយោធាពិសេស ប្រឆាំងនឹងអ៊ុយក្រែន គឺជាអាទិភាពមួយ ជាជាងលទ្ធផលនៃការបោះឆ្នោតអាមេរិក។
ទោះបីជាយ៉ាងណាក្តី អ្នកនាំពាក្យរូបនេះ ក៏ធ្វើការកត់សម្គាល់ឡើងវិញ ពីអ្វីដែលប្រធានាធិបតីVladimir Putin ធ្លាប់បាននិយាយកាលពីដើមឆ្នាំនេះថា លោកចង់ឱ្យលោក Biden ឈ្នះការបោះឆ្នោត ដោយពណ៌នាគាត់ថាជា អ្នកនយោបាយវ័យចំណាស់ និង អាចទស្សន៍ទាយបានច្រើនជាងនេះ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
